ក្រុមណាហ្គាវើល និងក្រុមបឹងកេត សុទ្ធតែដណ្តើមបាន៣ពិន្ទុ ដើម្បីបន្តឈរនៅតំបន់កំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ឯក្រុមភ្នំពេញក្រោន ដណ្តើមយកទីតាំងលេខ៤របស់ក្រុមប៉ូលិស បានសម្រេចហើយ ក្រោយពេល វិសាខា បន្ថែមភាពជូរចត់ឲ្យក្រុមជើងឯករង ក្រសួងការពារជាតិ។

សម្រាប់២ប្រកួត នៅថ្ងៃសៅរ៍ ក្រុមវិសាខា បានយកយកឈ្នះក្រុមក្រសួងការពារជាតិណ (ទ័ព) ២-០ ហើយគ្រាប់បាល់ដែលរកបានដោយកីឡាករវ័យក្មេង សាន គឹមហេង នៅនាទីទី៤៥ និងទី៧៥នេះ បានជួយឲ្យក្រុមចំណូលថ្មីមួយនេះ បានបន្តឈរនៅលេងរៀងទី៣ យ៉ាងរឹងមាំ ដោយមាន១៣ពិន្ទុ។ រីឯក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប បានវាយបកតាមស្មើក្រុមអង្គរថាយហ្គឺរ ២-២ ទាំងលំបាក។

លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បានចាត់ទុកការយកឈ្នះក្រុមទ័ព ២-០ លើកនេះ ជាលទ្ធផលដ៏ល្អបំផុត ដែលកំពុងជួយឲ្យវិសាខា កាន់តែស្ថេរភាព ក្នុងការឈ្នះនៅតំបន់កំពូលតារាងទាំង៤ (Top4)។ លោកបាននិយាយថា៖ «លទ្ធផលឈ្នះក្រុមទ័ព លើកនេះ បានជួយក្រុមយើង កុំឲ្យឃ្លាតឆ្ងាយពីតំបន់ Top4 ព្រោះការប្រកួតបន្តទៀត កាន់តែមានភាពស្វិតស្វាញ ដោយសារក្រុមនីមួយៗ កាន់តែមានការប្រុងប្រយ័ត្នគ្រប់ពេល»។

ដោយឡែក ក្រុមណាហ្គាវើល បានបន្តយកឈ្នះក្រុមចំណូលថ្មី សូលទីឡូអង្គរ ៤-១ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ខណៈ សារី ម៉ាត់ណូរ៉ូទីន ដែលទើបជាពីរបួស រកបាន៣គ្រាប់តែម្នាក់ ហើយលទ្ធផលនេះនៅតែជួយឲ្យណាហ្គាវើល បន្តឈរនៅកំពូលតារាងជាបណ្តោះអាសន្ន ដោយមាន១៦ពិន្ទុ។

ចំណែកក្រុមបឹងកេត ក៏បានបង្កើតស្នាមញញឹមសម្រាប់ការប្រកួត កាលពីយប់ម្សិលមិញនោះដែរ ខណៈពួកគេបានវាយបកយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ៣-១ ដ៏គួរឲ្យចាប់អារម្មណ៍នោះ។ លទ្ធផលនេះ បានជួយឲ្យ បឹងកេត មាន១៦ពិន្ទុ និងឈរយ៉ាងប្រកៀក ក្នុងការត្រៀមដណ្តើមយកលេខ១ពីណាហ្គាវើល នៅសប្តាហ៍បន្ទាប់។

ជាមួយគ្នានោះដែរ ភ្នំពេញក្រោន បានប្រើប្រាស់កីឡដ្ឋាន RSN របស់ខ្លួន ដើម្បីលត់ក្រុមប៉ូលិស រហូតដល់ ៤-០ ហើយលទ្ធផលនេះបានជួយឲ្យពួកគេ ដណ្តើមយកលេខ៤ពីក្រុមប៉ូលិស ដោយជោគជ័យ ទោះមាន១០ពិន្ទុស្មើគ្នា ក៏ដោយ ព្រោះភ្នំពេញក្រោន មានអាទិភាពខ្ពស់ជាង ត្រង់ការឈ្នះលើកនេះ។ចំពោះក្រុមអគ្គិសនីកម្ពុជា បានរកឃើញការឈ្នះជាលើកដំបូងរបស់ខ្លួនហើយ បន្ទាប់ពីរូបគេបានយកឈ្នះក្រុមឈរនៅបាតតារាង វេស្ទើន ២-០ កាលពីថ្ងៃអាទិត្យ នោះដែរ៕