កីឡាករលេខ១៧របស់ក្រសួងការពារជាតិ ឈិន ឈឿន ត្រូវបានអ្នកស្រលាញ់បាល់ទាត់ម្នាក់ប្រគល់ភារកិច្ចឲ្យដឹកនាំ និងគ្រប់គ្រងក្រុមបាល់ទាត់មួយដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់មិនអាជីពផ្សេងៗ។
ឈិន ឈឿន បានឲ្យដឹងថា ក្រុមបាល់ទាត់ឈ្មោះ ទន្សោងអេហ្វស៊ី គឺលោកជាអ្នកគ្រប់ដោយមានបងធម៌ម្នាក់ជាអ្នកស្រលាញ់បាល់ទាត់ និងចង់ចូលរួមចំណែកអភិវឌ្ឍកីឡានៅស្រុកខ្មែរជាអ្នកផ្ដួចផ្ដើមគំនិតជាមួយលោកបង្កើតក្រុមនេះឡើង។ គោលបំណងសំខាន់នៃការបង្កើតក្រុម ទន្សោងអេហ្វស៊ីនេះឡើងគឺផ្តល់ឱកាសឲ្យយុវជនដែលស្រលាញ់ មានទេពកោសល្យ និងចង់ក្លាយជាកីឡាករបាល់ទាត់ទទួលបានឱកាសលេង និងអភិវឌ្ឍខ្លួនឆ្ពោះទៅលេងក្លឹបធំៗ។
ម្ចាស់លេខ១៧រូបនេះរំលឹកថា ដើមឡើយរូបគេ និងបងធម៌ដែលសុំមិនបញ្ចេញឈ្មោះចូលរួមសកម្មភាពចែករំលែកបទពិសោធ និងអំណាយផ្សេងៗដល់សិស្សក្រីក្រនៅតាមខេត្តផ្សេងៗ បានឃើញយុវជនច្រើនដែលចាប់អារម្មណ៍ និងស្រលាញ់បាល់ទាត់ ប៉ុន្តែពួកគេគ្មានឱកាសលេងឡើយដោយសារគ្មានក្រុម។ ដូច្នេះហើយទើបលោកសម្រេចចិត្តប្រមូលយុវជនបង្កើតជាក្រុមទន្សោងដោយមានបងធម៌ជាឧបត្ថម្ភ។
ឈិន ឈឿន ពេលចែកអំណោយ
ឈិន ឈឿន បញ្ជាក់ថា ការចំណាយផ្សេងៗដូចជាសំលៀកបំពាក់ ការធ្វើដំណើរ ចំណាយចូលរួមការប្រកួតផ្សេងៗគឺបងធម៌ជាអ្នកទទួលបន្ទុកទាំងអស់ពោលគឺកីឡាករមិនខ្វល់ពីការចំណាយឡើយ។ មិនត្រឹមតែបងធម៌បានទាំងជួលគ្រូបង្វឹកឲ្យបង្ហាត់ត្រឹមត្រូវទៀតផង។
បច្ចុប្បន្ននេះ ក្រុមទន្សោងអេហ្វស៊ីកំពុងចូលរួមប្រកួតក្នុងពានរង្វាន់ Khmer Real Estate League 2018 ដែលឈានដល់សប្តាហ៍ទី៥ហើយ។ ជុំវិញការចូលរួមប្រកួតក្នុងពានរង្វាន់នេះ ឈិន ឈឿនបាននិយាយថា ក្រុមរបស់លោកមិនខ្វល់ពីលទ្ធផលឈ្នះចាញ់ឡើយ ប៉ុន្តែអ្វីដែលខ្វល់ និងយកចិត្តទុកដាក់បំផុតគឺស្វែងរកចំណុចខ្សោយរបស់ក្រុមដើម្បីអភិវឌ្ឍទាំងកីឡាករម្នាក់ៗ និងក្រុមទាំងមូលដើម្បីសម្លឹងឃើញទីផ្សារវែងឆ្ងាយទៅមុខទៀត។ ៥ប្រកួតកន្លងទៅនេះក្រុមដែលគ្រប់គ្រងដោយឈិន ឈឿនឈ្នះ១ ស្មើ១ និងចាញ់៣។
លទ្ធផល Khmer Real Estate League សប្តាហ៍ទី៥
អាណាចក្រទួលគោក ៤-១ V.Train
កូនខ្មែរ ៤-០ យុវជនស្នោរ
យុវជនច្បាប់ ៥-២ Mambo PP
Blue Dragon ៤-២ យុវជនតាំងគោក
យុវជនកំពង់ចាម ២-២ ទន្សោងអេហ្វស៊ី
Khmer United ៣-០ Bayon Wanderers
Reil PP ៣-០ Anvaya
Avatar ៦-២ យុវជនវត្តកោះ
RFL ៥-១ HHK
Bassac ១-១ Gian លេងបានវគ្គទី១ដោយសារភ្លៀងខ្លាំង។ វគ្គទី២នឹងរៀបចំប្រកួតបន្ថែមនៅសប្តាហ៍នេះ៕
Via :news.sabay