ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលត្រូវពួតដៃគ្នារៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ នឹងរៀបចំពិធីហាត់សមសាកល្បងលើកចុងក្រោយ នាល្ងាចថ្ងៃទី២៣ ខែឧសភានេះ មុនពិធីបើកការប្រកួតផ្លូវការចូលមកដល់នាថ្ងៃទី២៥ ខែឧភាខាងមុខ ។ ជាមួយនឹងការហាត់សមលើកចុងក្រោយនេះ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម កីឡាករ ឃុន ឌីម៉ា អមដោយតារាបាល់ទាត់ឆ្នើម ២រូបមាន ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ក៏ត្រូវហាត់រត់ពីព្រះបរមរាជវាំងផងដែរ ។

សូមបញ្ជាក់ថា ឃឹម ឌីម៉ា គឺតំណាងអត្តពលិកពិសេសជាងគេ ដោយត្រូវចូលក្រាបបង្គំទទួលការព្រះរាជទានភ្លើងគប់ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមអ្នកកីឡាករគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ ហើយកីឡាករ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម គឺជាអ្នករត់អម ដើម្បីដង្ហែរភ្លើងគប់នោះ យកមកពហុកីឡដ្ឋានជាតិ និងប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីប្រារព្ធពិធីដុតភ្លើងគប់បើកការប្រកួតកីឡាជាតិ លើកទី២ ជាផ្លូវការ នាថ្ងៃទី២៥ ខែឧសខាខាងមុខ ។

ដោយឡែកចំពោះការហ្វឹកហាត់សមលើកចុងក្រោយនាល្ងាចនេះ គឺដើម្បីបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ ១០០% របស់ភាគីពាក់ព័ន្ធ ពិសេសក្រុមយុវជន និងអ្នកជំនាញកីឡា ដែលត្រៀមសម្ដែងចលនាកាយសមស្រប ដើម្បីអបអរពិធីបើក-បិទកីឡាជាតិក្នុងពេលដ៏ខ្លីខាងមុខ ។ លើសពីនេះ ក៏នឹងមានការរៀបចំពិធីក្រុងពាលី ដោយនឹងមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។

សូមរំឮកថា ការប្រកួតកីឡាជាតិ លើកទី២ នឹងធ្វើឡើងរយៈពេល ១០ថ្ងៃ ក្នុងនោះពិធីបើកធ្វើនៅថ្ងសទី២៥ ខែឧសភា ខណៈពិធីបិទគ្រោងធ្វើនៅថ្ងៃទី០៤ ខែមិថុនា ដោយមាននឹងការរៀបចំព្រឹត្តិការណ៍ប្លែកៗ និងអស្ចារ្យជាច្រើន ជាពិសេសគឺការផ្ដល់កិត្តិយសអញ្ជើញចូលរួមដោយផ្ទាល់របស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតទៀតផង ៕
Via :camsports.org