ពិធីបើកការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ដ៏ធំ និងប្លែក ដែលយកលំនាំតាមស្តង់ដារអន្តរជាតិ នៅប្រទេសជឿលឿន នឹងត្រូវធ្វើឡើង នៅពហុកីឡដ្ឋានជាតិ នាល្ងាច និងយប់ថ្ងៃសុក្រនេះ ហើយតារាងចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងកញ្ញា មាស សុខសោភា និងតារាងចម្រៀងល្បីៗជាច្រើនរូបនេះ ក៏នឹងត្រូវបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍នេះដែរ។

ការរត់នាំយកភ្លើងគប់ ដែលព្រះរាជទានដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរម្យរាជវាំង ពីសំណាក់ម្ចាស់មេដាយមាសស៊ីហ្គេម ផ្នែកកីឡាគុនខ្មែរ ឃីម ឌីម៉ា និងអត្តពលិកល្បីៗ និងមានស្នាដៃជាច្រើនទៀត មកប្រគល់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពហុកីឡាដ្ឋានជាតិ ដើម្បីអុជតាមខ្សែកាំជ្រួច បាញ់ទៅឆេះនៅថាសភ្លើងគប់ បានក្លាយជាកំណត់ត្រាប្រវត្តិសាស្រ្តលើកដំបូង ក្នុងវិស័យកីឡានៅកម្ពុជា។

បន្ថែមលើនេះ លោក វ៉ាត់ ចំរើន បានប្រាប់ថា នៅមានការផ្គុំមនុស្សរាប់ពាន់នាក់ ចេញជារូបភាពផ្សេងៗ ការបាញ់កាំជ្រួចចេញជាភ្លេង និងរាំតាមភ្លេង និងមានអ្វីៗប្លែកជាច្រើនទៀត ដែលសកម្មភាពទាំងនោះ NOCC និងភាគីពាក់ព័ន្ធ បានសម ឬសាកល្បងចំនួន៣លើកហើយ មុននឹងបង្ហាញជាផ្លូវការ នៅល្ងាច និងយប់ថ្ងៃសុក្រនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «ពិធីបើកការប្រកួតនេះ វាលើសពីអស្ចារ្យទៅទៀត អ៊ីចឹងហើយបើសិនជាមិនបានចូលរួមទស្សនាដោយផ្ទាល់ទេ ប្រយ័ត្នស្តាយក្រោយ ព្រោះមិនឃើញពីភាពអស្ចារ្យទាំងនោះ ដោយផ្ទាល់ភ្នែក»។


លោកបានបន្ថែមថា៖ «យើងមានមនុស្សរាប់ពាននាក់ ផ្គុំគ្នា ចេញជាកាយវិការសមស្រប និងចេញជារូបភាពផ្សេងៗ ពិសេសយើងមានសម្តែងចេញនៅសិល្បៈបាញ់កាំជ្រួច តាមបច្ចេកទេសទំនើប គឺបាញ់កាំជ្រួចចេញជាភ្លេង បាញ់កាំជ្រួចរាំតាមភ្លេង និងនៅមានអ្វីៗប្លែកៗជាច្រើនទៀត។ ហេតុនេះសូមបងប្អូន និងជនរួមជាតិ ចូលរួមទស្សនាទាំងអស់គ្នា»។

បើតាមកម្មវិធីបើកកីឡាជាតិ លើកទី២ ដែលត្រូវនៅពហុកីឡដ្ឋានជាតិនេះ នឹងត្រូវចាប់ផ្តើមពីម៉ោង៤រសៀលទៅ នឹងអាចបញ្ចប់នៅម៉ោង១០យប់ ទៅតាមសកម្មភាពផ្សេងៗ តាមកម្មវិធី ដែលបានភ្ញាប់មកជាមួយនេះ៕

បើតាមកម្មវិធីបើកកីឡាជាតិ លើកទី២ ដែលត្រូវនៅពហុកីឡដ្ឋានជាតិនេះ នឹងត្រូវចាប់ផ្តើមពីម៉ោង៤រសៀលទៅ នឹងអាចបញ្ចប់នៅម៉ោង១០យប់ ទៅតាមសកម្មភាពផ្សេងៗ តាមកម្មវិធី ដែលបានភ្ញាប់មកជាមួយនេះ៕