ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​​២​ឆ្នាំ​២០១៨​បាន​បើក​​ជា​ផ្លួវ​ការ​កាល​ពី​ថ្ងៃ​ទី​សុក្រ​ ទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​​យ៉ាង​គគ្រឹកគគ្រេង​បំផុត​នៅ​ពហុកីឡដ្ឋាន​ជាតិ រាជ​ធានី​ភ្នំពេញ។ សម្រាប់​ការ​ប្រកួត​រយៈ​ពេក​២​ថ្ងៃ​កន្លង​ទៅ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ ក្រុម​កីឡា​រាជ​ធានី​ភ្នំពេញ​កំពុង​ឈាន​មុខ​គេ​ក្នុង​ការ​ឈ្នះ​មេដាយ។

រូប​ភាព​ប្រកួត​អត្តពលកម្ម​ (រូបថត៖ អគ្គនាយកដ្ឋាន​កីឡា)
គិត​ត្រឹម​​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​២៦​ ម្សិល​មិញ​ ក្រុម​កីឡា​រាជ​ធានី​ភ្នំពេញ​​ដណ្តើម​បាន​មេដាយ​ចំនួន​២៤​គ្រឿង​គឺ​មេដាយ​មាស​១០​គ្រឿង ប្រាក់​៩​គ្រឿង និង​សំរឹទ្ធ​៥​គ្រឿង​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​១។ ក្រុម​ក្រសួង​មហា​ផ្ទៃ​រក​បាន​២០​គ្រឿង ខេត្ត​តាកែវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ បើ​ធៀប​នឹង​ខេត្ត​ផ្សេង​ៗ​គឺ​រក​បាន​១១​គ្រឿង ហើយ​ក្រុម​កីឡា​ក្រសួង​ការពារ​ជាតិ​រក​បាន​៩​គ្រឿង។

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​​​មាន​ ​២៥ រាជធានី​ខេត្ត​ចូល​រួម និង​ ៣​ ក្រសួង​​​ដែល​​មាន​កីឡាករ​សរុប​ប្រមាណ​ ៤០៧៣ នាក់ និង​មាន​ ២៧ ប្រភេទ​កីឡា​ ដោយ​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​កំពត ខេត្ត​កេប និង​ខេត្ត​កំពង់ធំ៕

By: Sabay