(ភ្នំពេញ)៖ ក្រុមបាល់ទាត់អាជីបណាហ្គាវើល បានបន្ដឈរកំពូលតារាងពិន្ទុនៃលីគកំពូលកម្ពុជា ប្រចាំសប្ដាហ៍ទី៧ បណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះក្រុមខ្លាំងក្រសួងការពារជាតិ ២-០ ដើម្បីបង្កើនគម្លាតពិន្ទុលើគូប្រជែង គឺបឹងកេតអែហ្វស៊ី បន្ទាប់ពីក្រុមការពារតំណែងជើងឯកនេះ រកបានត្រឹម ១ពិន្ទុ ក្រោយប្រកួតស្មើក្រុមអគ្គិសនីកម្ពុជា ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់លទ្ធផលបរាជ័យរបស់ក្រុមក្រសួងការពារជាតិ ក្រោមថ្វីជើងក្រុមភ្ញៀវណាហ្គាវើល នៅកីឡដ្ឋានស្តាតចាស់ គឺជាប្រវត្តិសាស្ដ្រជ្រាំដែល ដែលក្រសួងការពារជាតិបរាជ័យក្នុងជំនួបជើងទី១ លើទឹកដីខ្លួនឯង ដូចកាលពីរដូវកាលមុនដែរ។ ប៉ុន្ដែវាគឺជាជ័យជម្នះដ៏ពិសេសម្រាប់ក្រុមណាហ្គាវើល រក្សាកៅអីកំពូលតារាង ដោយបន្ដកំណត់ត្រាមិនស្គាល់ចាញ់ និងមាន១៩ពិន្ទុ។

ដោយឡែកក្រុមបឹងកកេត ត្រូវព្យាយាមដេញតាមក្រុមណាហ្គាវើលជាថ្មី ក្រោយប្រកួតស្មើក្រុមអគ្គិសនីកម្ពុជា ចែកគ្នាត្រឹម ១ពិន្ទុម្នាក់ ដែលធ្វើឲ្យ ៧ប្រកួតរបស់ក្រុមមានប្រភពពីខេត្តកំពង់ចាមនេះ ឈ្នះ៥ និងស្មើ២ មិនទាន់ស្គាល់ចាញ់ដូចគ្នា តែទើបរកបាន ១៧ពិន្ទុប៉ុណ្ណោះ។

ក្រឡេកទៅមើលលទ្ធផល ៣ប្រកួតផ្សេងទៀត សុទ្ធតែធ្វើឲ្យកក្រើកសប្ដាហ៍ទី៧ ក្នុងនោះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានលត់ក្រុមវិសាខា ៣-១ ដើម្បីទទួលបាន ១៣ពិន្ទុស្មើគ្នាឈរលេខរៀងទី៣ និងលេខរៀងទី៤។ ចំណែកក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមអាស៊ីអឺរ៉ុប ១-១ លើទឹកដីខ្លួន និងក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមសូលទីឡូអង្គរ ២-១ ដើម្បីទទួលបាន ១១ពិន្ទុស្មើគ្នាជាមួយក្រុមភ្នំពេញក្រោន ឈរលេរៀងទី៥ និងលេខរៀងទី៦ បណ្ដោះអាសន្ន៕

Via: khmertalking