បងប្អូនអ្នកប្រដាល់ត្រកូល «ឡៅ» គឺ ឡៅ ស៊ីណាត, ឡៅ ចន្ទ្រា, ឡៅ ចិត្ត្រា និងក្រុមគ្រួសារ បានជួយនូវរឿងសង្វេគដ៏ក្រៀមក្រោះ ខណៈឪពុករបស់ពួកគេ បានទទួលមរណៈភាព កាលពីព្រឹកថ្ងៃចន្ទនេះ ដោយជំងឺគាំងបេះដូង។

«ចាប់ពីពេលថ្ងៃនេះទៅ ខ្ញុំលែងបានជួបមុខលោកឪពុកខ្ញុំទៀតហើយ សូមអ្នកមានគុណ ទៅកាន់សុខគតិភព»។ នេះសារទឹកភ្នែកដ៏គួរឲ្យរន្ធត់របស់អតីតជើងខ្លាំង ឡៅ ស៊ីណាត ដែលជាបងប្រុសរបស់ ឡៅ ចន្ទ្រា និង ឡៅ ចិត្រ្តា បានបង្ហោះនៅលើហ្វេសប៊ុករបស់គេ កាលពីព្រឹកមិញនេះ គឺបន្ទាប់ពីលោកឪពុករបស់ខ្លួន បានទទួលមរណៈភាព។

ជាមួយដំណឹងដ៏ក្រៀមក្រំនេះ អ្នកគាំទ្ររបស់បងប្អូនអ្នកប្រដាល់ត្រកូល «ឡៅ» ទាំង៣នាក់នេះ សុទ្ធតែចូលរួមរំលែកទុក្ខ តាមរយៈការផ្ញើសារចូលទៅកាន់ហ្វេសប៊ុករបស់ ឡៅ ស៊ីណាត ផ្ទាល់តែម្តង គឺបន្ទាប់ពីអ្នកទាំងនេះ បានសម្តែងការសោកស្តាយចំពោះការបរាជ័យរបស់ ឡៅ ចិត្រ្តា ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៦៣,៥គីឡូក្រាម នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យ កន្លងមកនេះ។

ឡៅ ចិត្រ្តា បានប្រកួតចាញ់ ផល សោភ័ណ្ឌ ដោយពិន្ទុ ហើយការចាញ់នេះ ត្រូវបានគេមើលឃើញថា ចិត្ត្រា ហាក់មានគុណភាពកម្លាំងធ្លាក់ចុះ ខុសប្លែកពីការប្រកួតមុនៗ។ យ៉ាងណាក៏ដោយ ឡៅ ចិត្ត្រា បានវាយកែង បន្សល់ស្នាមបែកនៅលើផ្ទៃមុខ សោភ័ណ្ឌ ផងដែរ ហើយការបានត្រឹមលេខ២នេះ ចិត្រ្តា បានទទួលប្រាក់រង្វាន់១២លានរៀល ឯម្ចាស់ខ្សែក្រវាត់ ផល សោភ័ណ្ឌ បាន២៤លានរៀល ប៉ុន្តែ ចាន់ ប៊ុនលាភ បានចាញ់ថៃ ក្នុងការប្រកួតដណ្តើមយកលេខ៣ ដោយបានប្រាក់រង្វាន់១,២លានរៀល និងកីឡាករថៃបាន២,៤លានរៀល៕