ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង កំពុងតែសង្ឃឹមថា ការមានល្បឿនដ៏អស្ចារ្យ និងភាពមុតស្រួចក្នុងការរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Son Heung-min អាចជួយឲ្យពួកគេបញ្ចប់ការរង់ចាំរយៈពេល៥៩ឆ្នាំក្នុងការក្លាយជាម្ចាស់ជើងឯកប្រចាំទ្វីប ខណៈដែលយុទ្ធនាការ Asian Cup ដែលទើបតែត្រូវបានពង្រីកបន្ថែម នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ។

ក្រុមម្ចាស់ការពារតំណែងជើងឯកអូស្ត្រាលី ក្រុមម្ចាស់ជើងឯក៤សម័យកាលជប៉ុន ក្រុមជម្រើសជាតិអ៊ីរ៉ង់របស់លោក Carlos Queiroz និងក្រុមម្ចាស់ផ្ទះអ៊េមីរ៉ាតអារ៉ាប់រួម សុទ្ធសឹងជាគូប្រជែងពានដ៏មានសក្តានុពល ប៉ុន្តែ មិនមានក្រុមណានឹងរីករាយក្នុងការប៉ះជាមួយនឹងក្រុមកូរ៉េខាងត្បូងរបស់លោក Paulo Bento ឡើយ។ ក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៥មួយនេះ បានបង្ហាញភាពសមត្ថភាពដ៏គួរឲ្យកត់សម្គាល់របស់ខ្លួនក្នុងយុទ្ធនាការអន្តរជាតិកាលពីពេលថ្មីៗនេះ តាមរយៈការធ្វើឲ្យក្រុមម្ចាស់ជើងឯកពិភពលោកអាល្លឺម៉ង់ ស្រឡាំងកាំងក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុន នៅមុនពេលឈ្នះពានក្នុងព្រឹត្តិការណ៍កីឡាអាស៊ី កាលពីខែកញ្ញា។ Son វ័យ២៦ឆ្នាំ បានក្លាយជាបេះដូងក្នុងការដណ្តើមបានជ័យជម្នះទាំង២លើកនោះ ហើយភាពរីករាយរបស់គេត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្នុងព្រឹត្តិការណ៍ Asian Games នៅឥណ្ឌូនេស៊ី ខណៈដែលការដណ្តើមបានជ័យជម្នះនេះ បានជួយឲ្យក្រុមកីឡាករកូរ៉េខាងត្បូង រួចផុតពីការបំពេញកាតព្វកិច្ចយោធារយៈពេល២១ខែ របស់កូរ៉េខាងជើង។

ខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur រូបនេះ ដែលមានជំនាញស៊ុតបាល់ពីជើងទាំងសងខាង កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងមុតស្រួច ដោយបានស៊ុតបាល់បញ្ចូលទី៧គ្រាប់ ក្នុងការបង្ហាញខ្លួន៧លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌ Premier League។ ប៉ុន្តែ រូបគេនឹងអវត្តមានក្នុងការប្រកួតបើកឆាក២លើកដំបូងរបស់កូរ៉េខាងត្បូង ក្រោមការព្រមព្រៀងជាមួយនឹងក្លិបរបស់គេក្នុងការអនុញ្ញាតឲ្យគេទៅលេងក្នុង Asian Games កាលពីឆ្នាំមុន៕

ប្រភព៖ Channel News Asia