ក្រុមបាល់ទាត់ជម្រើសជាតិកាតា បានដាក់ទណ្ឌកម្មដល់ក្រុមម្ចាស់ផ្ទះអ៊េមីរ៉ាតអារ៉ាប់រួម ដែលមិនមានការស្វាគមន៍ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតដ៏ស្វិតស្វាញមួយដែលត្រូវបានរំខានដោយឥរិយាបថមិនសមពីសំណាក់អ្នកគាំទ្រដែលចោលស្បែកជើង កាលពីថ្ងៃអង្គារ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី១នៃព្រឹត្តិការណ៍ Asian Cup។

ក្រុមជម្រើសជាតិកាតា ដែលការច្រៀងចម្រៀងជាតិរបស់ពួកគេត្រូវបានរំខានដោយសំឡេងនៃការស្រែកចំអកឲ្យ នៅមុនពេលការប្រកួតនោះ នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិជប៉ុន ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រ ខាងមុខនេះ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Boualem Khoukhi, Almoez Ali, Hasan Al-Haydos និង Hamid Ismaeil បានបំពេញជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២មួយនេះ ក្រោមទិដ្ឋភាពដ៏អាក្រក់មើលក្នុងទីក្រុង Abu Dhabi។

ស្របពេលពួកគេបានអបអរជ័យជម្នះ និងការការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនជាលើកទី៦ក្នុងយុទ្ធនាការ Asian Cup នេះ ស្បែកជើងជាច្រើនត្រូវបានចោលទៅកាន់ពួកគេ ហើយដបទឹកបុរិសុទ្ធជាច្រើនក៏ត្រូវបានចោលចេញពីដៃរបស់អ្នកគាំទ្រម្ចាស់ផ្ទះផងដែរ ខណៈដែលស្បែក និងដបទឹកសុទ្ធទាំងនោះត្រូវបានចោលរាល់ពេលដែលក្រុមកាតា ស៊ុតបាល់បញ្ចូលទី ហើយខ្សែបម្រើ Salem Al-Hajri រងការចោលចំក្បាល ក្រោយពីការរកគ្រាប់បាល់ទី៣ របស់ពួកគេ។ លោក Felix Sanchez គ្រូបង្វឹកនៃក្រុមជម្រើសជាតិកាតា បានទទួលស្គាល់ថា៖ «វាមិនមែនជាស្ថានភាពដ៏ងាយស្រួលមួយឡើយ។ កីឡាករបានដឹងថា វានឹងមានសម្ពាធជាច្រើន ប៉ុន្តែ ពួកគេបានគ្រប់គ្រងការរំជួលចិត្តរបស់ពួកគេយ៉ាងល្អ។ ខ្ញុំពិតជាមានមោទនភាពចំពោះពួកគេណាស់»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia