ខ្សែប្រយុទ្ធ Mehdi Taremi បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុមជម្រើសជាតិអ៊ីរ៉ង់ បានលត់ក្រុមជម្រើសជាតិយ៉េមែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ក្នុងការបង្ហាញខ្លួនក្នុងយុទ្ធនាការ Asian Cup ជាលើកទី១ របស់ក្រុមដែលដាច់ដោយសង្គ្រាមមួយនេះ កាលពីថ្ងៃចន្ទ ដើម្បីបង្ហាញពីការដាស់តឿនមួយទៅកាន់គូប្រជែងដណ្តើមពានរបស់ពួកគេ។

ការបង្ហាញពីទម្រង់លេងរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងទីក្រុងអាប៊ូដាប៊ី មានភាពផ្ទុយគ្នាស្រឡះទៅនឹងក្រុមខ្លាំងកូរ៉េខាងត្បូង ដែលបានយកឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន ទាំងប្រដាបត្រដួស ស្របពេលដែលក្រុមជម្រើសជាតិចិន បានដណ្តើមយកប្រៀបទៅលើការប្រព្រឹត្តកំហុសរបស់អ្នកចាំទី ដើម្បីបំពេញការវាយបកវិញលើក្រុមគៀហ្ស៊ីគីស្ថាន។

ស្របពេលដែលកំពុងតែសម្លឹងរកការបញ្ចប់ការមិនឈ្នះពានក្នុងរយៈពេល៤៣ឆ្នាំ ចាប់តាំងពីការឈ្នះពានកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ីមួយនេះ ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានយកឈ្នះលើក្រុមយ៉េមែន ដោយងាយក្នុងការប្រកួតបើកឆាកនៃពូល D។ លោក Carlos Queiroz គ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ីរ៉ង់ បានប្រកាសថា ការរងបរាជ័យដ៏មិននឹកស្មានដល់របស់អូស្ត្រាលី ក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុមជម្រើសជាតិហ្ស៊កដានី កាលពីចុងសប្តាហ៍ និងការយកឈ្នះ ១-០ របស់កូរ៉េខាងត្បូង លើក្រុមហ្វីលីពីន បានរំឭកដល់កីឡាកររបស់លោកថា Asian Cup មិនមែនជាយុទ្ធនាការដ៏ងាយស្រួលឡើយ។

អតីតគ្រូបង្វឹករបស់ក្លិប Real Madrid រូបនេះបានឲ្យដឹងថា៖ «និយាយឲ្យត្រង់ទៅ លទ្ធផលទាំងនោះ បានធ្វើឲ្យកីឡាករយល់ថា Asian Cup មិនមែនជាការប្រកួតដ៏ងាយស្រួលឡើយ»។ លោក Queiroz បានបន្ថែមទៀតថា៖ «ខ្ញុំបានប្រាប់កីឡាករថា យើងត្រូវតែផ្តោតលើការប្រកួតទី១ ហើយពួកគេដណ្តើមបានយកប្រៀបទៅលើមេរៀនទាំងនោះ»៕

ប្រភព៖ Channel News Asia