ក្រុមម្ចាស់ជើងឯក៣សម័យកាល អារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ខណៈដែលពួកគេបានយកឈ្នះលើក្រុមសល់សមាជិកត្រឹមតែ ១០នាក់ កូរ៉េខាងជើង យ៉ាងងាយ ក្នុងយុទ្ធនាការ Asian Cup កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុមជម្រើសជាតិអ៊ីរ៉ាក់ បានវាយបក ដើម្បីផ្តួលក្រុមជម្រើសជាតិវៀតណាម ទាំងព្រលឹងចុងសក់។

ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលមិនបានបង្ហាញពីទម្រង់លេងដ៏រឹងមាំក្នុង World Cup កាលពីឆ្នាំមុនក្នុងប្រទេសរុស្ស៊ីនោះ ហាក់បានបង្ហាញពីភាពខ្លាំងដ៏គួរឲ្យកត់សម្គាល់នៅលើទឹកដីប្រទេសជិតខាងរបស់ខ្លួនគឺអ៊េមីរ៉ាតអារ៉ាប់រួម ខណៈដែលពួកគេបានលត់ក្រុមជម្រើសជាតិកូរ៉េខាងជើង យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតបើកឆាកក្នុងពូល E របស់ពួកគេ។ វាបានក្លាយជាការបង្ហាញពីទម្រង់លេងមួយដែលបានធ្វើឲ្យអារ៉ាប៊ីសាអ៊ូឌីត ស្ថិតក្នុងនាមជាក្រុមដ៏ខ្លាំងមួយក្នុងយុទ្ធនាការប្រចាំទ្វីបមួយនេះ រួមជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលបានលត់ក្រុមយ៉េមែន ៥-០ កាលពីថ្ងៃចន្ទ។

ក្នុងការប្រកួតមុននេះបន្តិច កីឡាករ Ali Adnan របស់អ៊ីរ៉ាក់ បានស៊ុតបាល់ពិន័យ Free-kick បញ្ចូលទីយ៉ាងល្អនៅនាទីចុងក្រោយ ខណៈដែលអតីតក្រុមម្ចាស់ជើងឯកមួយនេះ បានវាយបកតាមពីក្រោយ២លើក ដើម្បីផ្តួលក្រុមវៀតណាម ៣-២។ លោក Srecko Katanec គ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ីរ៉ាក់ បានឲ្យដឹងថា៖ «ការបង្ហាញពីទម្រង់លេងក្នុងតង់ទី១ពិតជាអន់។ យើងមិនបានបង្ហាញអ្វីទាំងអស់ដែលយើងបានធ្វើក្នុងការហ្វឹកហាត់ គ្មានថាមពល និងគ្មានទម្រង់លេងជាបុគ្គល។ វាប្រហែលជាការរំជួលចិត្តក្នុងតង់ទី១។ កីឡាករមានសម្ពាធបន្តិច»៕

ប្រភព៖ Channel News Asia