ប្រធានក្រុមនៃក្រុមជម្រើសជាតិជប៉ុន Maya Yoshida បានអំពាវនាវឲ្យក្រុមរបស់គេដោះស្រាយជាមួយនឹងសម្ពាធ ដើម្បីបង្ហាញពីទម្រង់លេងឲ្យបានល្អក្នុងយុទ្ធនាការ Asian Cup ខណៈដែលពួកគេសម្លឹងរកការស្តារមុខមាត់ចំពោះការធ្លាក់ចុះទម្រង់លេងរបស់ពួកគេកាលពី ៤ឆ្នាំមុន។

ខ្សែការពាររបស់ក្លិប Southampton រូបនេះបានទទួលស្គាល់កាលពីថ្ងៃអង្គារថា កីឡាករជាច្រើនក្នុងក្រុមជប៉ុន នៅតែមានភាពឆ្លាតវៃពីការចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីរបស់ពួកគេក្រោមស្នាដៃក្រុមជម្រើសជាតិអ៊េមីរ៉ាតអារ៉ាប់រួម ក្នុងវគ្គ ៨ក្រុមចុងក្រោយ កាលពីយុទ្ធនាការមុន ក្នុងប្រទេសអូស្ត្រាលី។ នៅមុនពេលក្រុមមានរហស្សនាមថា Blue Samurai ធ្វើការប្រកួតបើកឆាកក្នុងពូល F ជាមួយនឹងក្រុមជម្រើសជាតិតួកមេនីស្ថាន ក្នុងទីក្រុងអាប៊ូដាប៊ី Yoshida បានប្រាប់អ្នកយកព័ត៌មានថា៖ «លទ្ធផលនោះបានក្លាយជារឿងដ៏ខកចិត្ត ប៉ុន្តែ នេះគឺជាក្រុមថ្មីមួយជាមួយនឹងអ្នកចាត់ការទូទៅថ្មីម្នាក់»។ ទាក់ទងនឹងការឈានទៅវគ្គ១៦ក្រុមចុងក្រោយរបស់ជប៉ុន នៅប្រទេសរុស្ស៊ី មុននឹងចាញ់ក្រោមស្នាដៃក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលបានរារាំងពួកគេមិនឲ្យទៅវគ្គ៨ក្រុមចុងក្រោយ កីឡាកររូបនេះបានប្រាប់បន្តថា៖ «ក្រោយពី World Cup កាលពីឆ្នាំមុន ការរំពឹងទុកផ្សេងៗពិតជាខ្ពស់»។

ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែ វាមិនដូច World Cup ឡើយ ខណៈការរំពឹងទុកលើជប៉ុន មានភាពផ្សេងគ្នាក្នុង Asian Cup ដែលជាពានដែលយើងត្រូវបានរំពឹងទុកថា នឹងឈ្នះ។ ការរំពឹងទុកនោះ នឹងផ្តល់នូវសម្ពាធដោយខ្លួនឯង ហើយយើងត្រូវតែដោះស្រាយ និងបញ្ចប់សម្ពាធនោះ»។ ជប៉ុន បានឈ្នះពានលើកចុងក្រោយក្នុងចំណោមពាន Asian Cup ទាំង៤របស់ពួកគេ ក្នុងឆ្នាំ២០១១ ប៉ុន្តែ លោកគ្រូបង្វឹក Hajime Moriyasu បានបង្កើតក្រុមដែលមានការកែទម្រង់ថ្មីមួយ ទៅកាន់យុទ្ធនាការនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦ល្ងាច៕

ប្រភព៖ Sport24