គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌាលោក Stephen Constantine បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ក្រោយពីគ្រាប់បាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតរបស់ក្រុមជម្រើសជាតិបារ៉ែន បានធ្វើឲ្យក្រុមរបស់លោករងបរាជ័យក្នុងលទ្ធផល ១-០ និងរារាំងប្រទេសដែលឆ្កួតនឹងកីឡាគ្រីឃីតមួយនេះ មិនឲ្យឈ្នះកៅអីក្នុងព្រឹត្តិការណ៍ Asian Cup វគ្គ ១៦ក្រុមចុងក្រោយ។

ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ផ្ទះអ៊េមីរ៉ាតអារ៉ាប់រួម បានពង្រឹងចំណាត់ថ្នាក់របស់ខ្លួនក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល A ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិថៃ ក្នុងទីក្រុង Al Ain ខណៈដែលលទ្ធផលនេះ ក៏បានធ្វើឲ្យថៃ ឈានទៅវគ្គបន្តផងដែរ។ ក្រុមជម្រើសជាតិឥណ្ឌា ហាក់ស្ថិតយ៉ាងប្រៀកក្នុងការឈានទៅវគ្គបន្តជាលើកទី១ទៅហើយ នៅមុនពេលកីឡាករ Jamal Rashid បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ ដើម្បីកម្ទេចក្តីសុបិនរបស់ពួកគេ និងជួយឲ្យក្រុមជម្រើសជាតិបារ៉ែន ឈានទៅវគ្គបន្តតែម្តង។

ក្រោយពីការរងបរាជ័យនេះ លោក Constantine បានប្រកាសថា លោកនឹងលាលែងពីតំណែង ក្រោយពីបំពេញការដឹកនាំជាលើកទី២របស់លោកក្នុងនាមជាគ្រូបង្វឹក។ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ដែលនិយាយក្នុងនាមជាបុរសទី៣ បានឲ្យដឹងថា៖ «លោក Stephen Constantine នឹងលាលែងពីតំណែង ក្រោយពីការប្រកួតនេះ»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំបានស្ថិតក្នុងតួនាទីនេះអស់រយៈពេល ៤ឆ្នាំមកហើយ។ គោលបំណងរបស់ខ្ញុំពីថ្ងៃទី១ គឺការឈានកៅអីសម្រាប់យុទ្ធនាការ Asian Cup។ ខ្ញុំបានបំពេញគោលដៅនោះ ហើយយើងបានបង្កើតកំណត់ត្រាជាច្រើន។ ខ្ញុំពិតជាមានមោទនភាពយ៉ាងពិសេសចំពោះកីឡាករសម្រាប់រាល់អ្វីៗដែលពួកគេបានផ្តល់ឲ្យ»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia