គូប្រជែងមួយក្នុងចំណោមគូប្រជែងដ៏ស្វិតស្វាញបំផុតក្នុងកីឡាបាល់ទាត់ នឹងត្រូវប៉ះគ្នាក្នុងព្រឹត្តិការណ៍ Asian Cup នៅរាត្រីនេះ នៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ ប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលនៅតែមានការឈឺចាប់ពីការធ្លាក់ចេញដ៏ចម្រូងចម្រាស់របស់ពួកគេ កាលពី៤ឆ្នាំមុន។

ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានលេងការប្រកួតដ៏រំភើបបំផុតនៃវគ្គ៨ក្រុមចុងក្រោយកាលពីឆ្នាំ២០១៥ ជាមួយនឹងសមាជិក១០ ក្រោយពីកីឡាករ Mehrdad Pooladi បានរងនូវការបណ្តេញចេញក្នុងតង់ទី១ ប៉ុន្តែ នៅពេលដែលការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង ក្រុមជម្រើសជាតិអ៊ីរ៉ាក់ មានប្រៀបជាងក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។ ការតវ៉ារបស់អ៊ីរ៉ង់ថា ក្រុមជម្រើសជាតិអ៊ីរ៉ាក់ បានប្រើប្រាស់កីឡាករមិនមានសិទ្ធិចូលប្រកួតម្នាក់ ត្រូវបានច្រើនចោល ខណៈដែលក្រុមម្ចាស់ជើងឯក៣សម័យកាលរបស់លោក Carlos Queiroz បានធ្លាក់ចេញពីយុទ្ធនាការនេះ ក្នុងប្រទេសអូស្ត្រាលី។

រយៈពេល៤ឆ្នាំបន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរសប់ពួកគេក្នុងទីក្រុង Canberra ខ្សែប្រយុទ្ធអន្តរជាតិអ៊ីរ៉ង់ Saman Ghoddos បាននិយាយថា ការចងចាំផ្សេងៗនៅតែស្ថិតថ្មីៗនៅឡើយ ខណៈដែលក្រុមអ៊ីរ៉ង់ នឹងត្រូវប៉ះជាមួយនឹងក្រុមអ៊ីរ៉ាក់ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃពូល D។ បើយោងទៅតាមគេហទំព័រ Varzesh3 របស់អ៊ីរ៉ង់ កីឡាករ Ghoddos បានឲ្យដឹងថា៖ «អ៊ីរ៉ាក់ គឺជាគូប្រកួតដ៏ខ្លាំងមួយ ហើយខ្ញុំគិតថា នេះនឹងក្លាយជាការប្រកួតសងសឹកមួយសម្រាប់យើង។ ខ្ញុំបានរង់ចាំសម្រាប់ការប្រកួតនេះចាប់តាំងពីយុទ្ធនាការ Asian Cup កាលពីលើកមុន។ យើងនឹងឈ្នះការប្រកួតនេះសម្រាប់ប្រជាជនរបស់យើង»។ កីឡាបាល់ទាត់គឺជាចំណុចមួយក្នុងចំណោមចំណុចដែលនៅសេសសល់នៃការប្រជែងគ្នារវាងក្រុមប្រទេសនៅមជ្ឈិមបូព៌ាទាំង២ ដែលបានស្ថិតក្នុងសង្គ្រាមបង្ហូរឈាមក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានធ្វើឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១យប់៕

អត្ថបទ៖ Cambosport
ប្រភព៖ Sport24