ខ្សែប្រយុទ្ធ Son Heung-min បានជួយឲ្យក្រុមប្រជែងពានកូរ៉េខាងត្បូង ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិចិន កាលពីថ្ងៃពុធ ដើម្បីបញ្ចប់ដោយការឈរនៅលើកំពូលតារាងនៃពូលរបស់ពួកគេក្នុងព្រឹត្តិការណ៍ Asian Cup។

ក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលជាបេក្ខភាពមានក្តីសង្ឃឹមក្នុងការឈ្នះពានរួមជាមួយនឹងកូរ៉េខាងត្បូងនោះ ក៏បានឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ១ក្នុងពូលផងដែរ បើទោះបីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក៏ដោយ ស្របពេលក្រុមគៀហ្ស៊ីគីស្ថាន ក៏បានទៅវគ្គបន្តក្នុងការបង្ហាញខ្លួនជាលើកទី១របស់ពួកគេក្នុងយុទ្ធនាការនេះផងដែរ។ កីឡាករ Hwang Ui-jo និង Kim Min-jae សុទ្ធសឹងរកបានគ្រាប់បាល់ ខណៈដែលកូរ៉េខាងត្បូង ដែលទើបតែទទួលបានការចូលរួមពីតារាឆ្នើមរបស់ពួកគេនោះ បានយកឈ្នះលើក្រុមជម្រើសជាតិចិន ក្នុងទីក្រុង Abu Dhabi។ Son បានទទួលបាល់ប៉េណាល់ទីដែលត្រូវបានស៊ុតដោយកីឡាករ Hwang និងបានជួយ Kim រកបានគ្រាប់បាល់ទី២ ដើម្បីជួយឲ្យកូរ៉េខាងត្បូង បញ្ចប់ដោយការឈរលេខ១ក្នុងពូល ដោយមាន៩ពិន្ទុពេញ ខណៈដែលពួកគេសម្លឹងរកការបញ្ចប់រយៈពេល៥៩ឆ្នាំនៃការឈឺចុកចាប់ក្នុង Asian Cup។

ក្រោយពីលេងបាន៨៧នាទី បើទោះបីបានលេងឲ្យក្រុម Tottenham ដល់ទៅ១៣ប្រកួតចាប់តាំងពីខែធ្នូ ប្រធានក្រុមកូរ៉េខាងត្បូង Son បានឲ្យដឹងថា៖ «ពិតណាស់ ខ្ញុំអស់កម្លាំង។ ខ្ញុំមិនបានរំពឹងទុកថា នឹងលេងក្នុងរយៈពេលយូរឡើយ។ ប៉ុន្តេ វាជាកិត្តិយសមួយក្នុងការពាក់អាវពណ៌ក្រហមនេះ និងលេងឲ្យក្រុមជម្រើសជាតិ»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia