លោកគ្រូបង្វឹក Marcello Lippi បានសាទរចំពោះការវាយបករបស់ក្រុមបាល់ទាត់ជម្រើសជាតិចិន កាលពីថ្ងៃអាទិត្យ ក្រោយពីពួកគេបានបង្ហាញពីទម្រង់លេងយ៉ាងល្អ ដើម្បីផ្តួលក្រុមជម្រើសជាតិថៃ ២-១ និងឈានទៅវគ្គ៨ក្រុមចុងក្រោយនៃយុទ្ធនាការ Asian Cup។

ក្រុមជម្រើសជាតិចិន បានធ្លាក់ចូលក្នុងសម្ពាធដ៏ធំ ខណៈដែលពួកគេបានដេញតាមពីក្រោយគ្រាប់បាល់បើកឆាករបស់កីឡាករ Supachai Jaided ប៉ុន្តែ ពួកគេបានវាយបកវិញ ក្រោយពីបញ្ចប់តង់ទី១ តាមរយៈកីឡាករបម្រុង Xiao Zhi និងការស៊ុតបាល់ប៉េណាល់ទីរបស់ Gao Lin។ វាមានន័យថា ក្រុមជម្រើសជាតិចិន ត្រូវតែប្រកួតយ៉ាងស្វិតស្វាញមួយផ្សេងទៀតក្រោមការដឹកនាំរបស់លោក Lippi ដែលត្រូវបានរំពឹងទុកថា នឹងលាលែងពីតំណែង ក្រោយពីយុទ្ធនាការ Asian Cup ស្របពេលដែលក្រុមជម្រើសជាតិថៃ នឹងដឹងថា ពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុមដ៏ខ្លាំងមួយ។

លោក Lippi ដែលបានដឹកនាំឲ្យក្រុមជម្រើសជាតិអ៊ីតាលី ឈ្នះពាន World Cup ឆ្នាំ២០០៦នោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជាពេញចិត្តជាមួយនឹងជ័យជម្នះនេះ។ វាមិនមែនជាការប្រកួតដ៏ងាយស្រួលឡើយ ពីព្រោះគូប្រកួតពិតជាខ្លាំង»។ លោកបានបន្ថែមទៀតថា៖ «យើងមិនបានលេងល្អឡើយ ក្នុងតង់ទី១ ពីព្រោះយើងបានបង្កើតឲ្យមានកំហុសមួយចំនួន ប៉ុន្តែ ខ្ញុំពិតជារីករាយជាមួយនឹងប្រតិកម្មពីកីឡាកររបស់ខ្ញុំ ជាពិសេសក្នុងតង់ទី២»។ ស្របពេលជាមួយគ្នានេះ ក្រុមប្រជែងពាន អ៊ីរ៉ង់ បានសង្គ្រោះបាល់ប៉េណាល់ទីក្នុងតង់ទី១ ដើម្បីផ្តួលក្រុមជម្រើសជាតិអូម៉ង់ ក្នុងលទ្ធផល ២-០ និងឈានទៅវគ្គ៨ក្រុមចុងក្រោយនៃ Asian Cup កាលពីថ្ងៃអាទិត្យ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia