ក្រុម As Monaco បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងទឹកដីខ្លួនឯងចាញ់ក្រុម Strasbourg ក្នុងលទ្ធផល ១:៥ សម្រាប់ការប្រកួតក្របខណ្ឌកំពូលបារាំង Ligue១ កាលពីយប់ថ្ងៃសៅរ៏ ទី១៩ មករា ២០១៩ បើទោះបីជាអតីតខ្សែបម្រើ Chelsea កីឡាករអេស្បាញ Cesc Fabregas មានឱកាសចូលលេងជម្រើសដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Thierry Henry នៅតែមិនអាចទាន់ជួយក្រុមបាននៅឡើយដែរ។

Fabregas ខ្សែបម្រើអន្តរជាតិអេស្បាញរូបនេះ បានបង្ហាញពីទម្រង់លេងដោយទទួលបានចំណាប់អារម្មណ៍ ក្នុងការប្រកួតដំបូងរបស់គាត់សម្រាប់ក្លឹបក្នុងលទ្ធផល ស្មើគ្នា ១-១ នៅលើទឹកដី Olympic Marseille កាលពីសប្តាហ៏មុន។ ទោះបីជាយ៉ាងណាសម្រាប់ការប្រកួតលើកនេះ Fabregas ប្រឈមការប្រកួតដ៏លំបាក នៅឯ Stade Louis II ជាមួយនឹងកំហុសឆ្គងរបស់គាត់បន្ទាប់ពី ក្រុម Strasbourg នាំមុខ ៣គ្រាប់ មុនពេលក្រុម Monaco បានបាត់បង់សមាជិក Naldo ក្រោយអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី៧ដើមតង់ទី១ រីឯក្រុម Strasbourg ក៏ត្រូវសល់កីឡាករតែ ១០នាក់ ក្រោយពីអាជ្ញាកណ្តាលបណ្តេញកីឡាករ Mitrovic ចេញនៅនាទីទី៦៩។

បរាជ័យលើកនេះមានន័យថាក្រុម Monaco នៅតែមិនទាន់ បានទទួលជ័យជម្នះនៅ លីកកំពូលសម្រាប់ការប្រកួតក្នុងទឹកដីខ្លួនឯងក្នុងរដូវកាលនេះស្របពេលក្រុមមានចំណាត់ថ្នាក់លេខ២បាតតារាងជាមួយនឹងលំដាប់ពិន្ទុ ត្រឹមតែ១៥ ប៉ុណ្ណោះ ក្រោយការប្រកួត២១ដងរួចមក។

អត្ថបទ៖ Cambosport
ប្រភព៖ BBC