ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Youri Tielemans បានចូលរួមជាមួយនឹងក្លិប Leicester ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Monaco រហូតដល់ចុងរដូវកាលនេះ កាលពីថ្ងៃព្រហស្បតិ៍។ Tielemans បានទាក់ទងនឹងការផ្ទេរជាមួយនឹងក្លិបរបស់ក្របខ័ណ្ឌ Premier League ក្រោយពីរកបាន ៥គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌលីក ២០លើក សម្រាប់ក្រុមបារាំង Monaco នៅរដូវកាលនេះ។

ក្នុងនាមជាយុវជនម្នាក់ Tielemans ត្រូវបានចាត់ទុកថា ជាកីឡាករម្នាក់ក្នុងចំណោមតារាវ័យក្មេងដ៏ឆ្នើមបំផុតនៅអឺរ៉ុប ប៉ុន្តែ រូបគេមិនបំពេញសក្តានុពលនោះឡើយ បើគិតចាប់តាំងពីចាកចេញពីក្លិប Anderlecht ទៅកាន់ក្លិប Monaco ក្នុងឆ្នាំ២០១៧។ ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាលើកទី១របស់គេសម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងឆ្នាំ២០១៦ និងបានបង្ហាញខ្លួន២លើកឲ្យក្រុមជម្រើសជាតិរបស់គេដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨។

Tielemans បានប្រាប់គេហទំព័ររបស់ក្លិប Leicester ថា៖ «Premier League គឺជាក្របខ័ណ្ឌមួយក្នុងចំណោមក្របខ័ណ្ឌលីកដ៏ល្អបំផុតក្នុងពិភពលោក ហើយនៅពេលដែលខ្ញុំនៅវ័យក្មេង ខ្ញុំតែងតែមើលការប្រកួតក្របខ័ណ្ឌ Premier League។ ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅទីនេះ ហើយខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើម»។ កីឡាកររូបបានបន្ថែមទៀតថា៖ «វាជាគ្រួសារដ៏ធំមួយ។ គ្រប់គ្នាពិតជាមានចិត្តល្អ និងល្អជាមួយនឹងខ្ញុំ។ ខ្ញុំគិតថា វានឹងក្លាយជាដ៏ល្អនៅទីនេះ»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia