លោក Brendan Rodgers អ្នកចាត់ការទូទៅថ្មីរបស់ក្រុម Leicester បានទស្សនាការប្រកួតពីកៅអីរបស់អ្នកគាំទ្រ ខណៈដែលក្រុមមានរហស្សនាមថា ចចកកំណាចរូបនេះ បានផ្តួលក្រុម Brighton ក្នុងលទ្ធផល ២-១ ស្របពេលដែលក្រុម Newcastle បានឡើងផុតកាន់តែឆ្ងាយពីតំបន់កាត់ចោល តាមរយៈការផ្តួលក្រុម Burnley ២-០ កាលពីថ្ងៃអង្គារ។

លោក Rodgers ត្រូវបានប្រកាសថា ជាអ្នកជំនួសកន្លែងរបស់លោក Claude Puel នៅមុនពេលចាប់ផ្តើមប្រកួតនាកីឡដ្ឋាន King Power ក្រោយពីចាកចេញពីក្លិប Celtic បើទោះបីក្លិបយក្សរបស់ស្កុតឡេនមួយនេះ កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានក្នុងស្រុកចំនួន៣ ជាលើកទី៣ក្នុងរដូវកាលតែមួយក៏ដោយ។ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះ បានមើលឃើញពីសមត្ថភាពនៃក្រុមថ្មីរបស់លោក ខណៈដែលកីឡាករ Demarai Gray និង Jamie Vardy បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ២-០ នៅមុនពេល Davy Propper បានវាយបក១គ្រាប់វិញ។

លោក Mike Stowell អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ Leicester បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយទៅកាន់ពួកគេអំពីវត្តមានរបស់អ្នកចាត់ការទូទៅថ្មីនិងគ្រាន់តែនិយាយថា យើងត្រូវតែផ្តោតលើការប្រកួត។ គាត់បានផ្តល់ឲ្យកីឡាករនូវការជឿជាក់មួយ។ គាត់បាននិយាយថា គាត់រំភើបក្នុងការចាប់ផ្តើមដឹកនាំ»។

លោក Stowell បានបន្ថែមទៀតថា៖ «វាជារដូវកាលដ៏លំបាកមួយទាំងនៅលើទីលាន និងក្រៅទីលាន ប៉ុន្តែ ខ្ញុំគិតថាយើងគួរតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ចំពោះសមត្ថភាពដែលយើង។ ការឈ្នះថ្ងៃនេះ បានបញ្ចប់ការចាញ់ជាប់ៗគ្នាត្រឹម៤លើក ហេតុនេះ ជាការរំពឹងទុក ការធ្លុះនេះនឹងបញ្ចប់ ពីព្រោះនៅសល់ការប្រកួតជាច្រើនទៀតដែលត្រូវលេង»៕

ប្រភពព័ត៌មាន៖ Channel News Asia