លោក Brendan Rodgers បានជំរុញឲ្យក្រុម Leicester City បង្កើតប្រវត្តិសាស្ត្របន្ថែមទៀត និងឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup។ ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Aston Villa ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅរាត្រីនេះ ក្នុងនាមជាក្រុមដែលមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley។

ក្រុម Leicester City បានឈ្នះពានរង្វាន់ League Cup ជាលើកចុងក្រោយ កាលពីឆ្នាំ២០០០ ដែលនៅពេលនោះពួកគេបានផ្តួលក្រុម Tranmere ក្នុងលទ្ធផល ២-១។ វានៅតែជាការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកចុងក្រោយរបស់ពួកគេ ក្រោយពីបានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពាន League Cup ឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៩។

ក្រុមម្ចាស់ជើងឯក Premier League ឆ្នាំ២០១៦មួយនេះ ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាងក្របខ័ណ្ឌលីកនៅរដូវកាលនេះ មិនធ្លាប់បានឈានទៅវគ្គផ្តាច់ព្រ័ត្រ សោះ បើគិតចាប់តាំងពីពេលនោះមក។

លោក Rodgers បាននិយាយកាលពីថ្ងៃអង្គារថា៖ «ខ្ញុំដឹងច្បាស់ថា ក្លិបនេះមិនធ្លាប់បានឈានទៅវគ្គផ្តាច់ព្រ័ត្រសោះអស់រយៈពេល២០ឆ្នាំមកហើយ ហេតុនេះ យើងត្រូវតែទៅកាន់ទីនោះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងមិនត្រូវមានការព្រួយបារម្ភខ្លាំងពីរឿងអតីតឡើយ។ យើងត្រូវតែបង្កើតប្រវត្តិសាស្ត្រថ្មី ប៉ុន្តែ យើងដឹងថា យើងនឹងត្រូវតែលេងឲ្យបានល្អផងដែរ។

វាតែងតែជារឿងដ៏ល្អ នៅពេលដែលអ្នកមានអ្វីមួយដែលត្រូវបង្ហាញសម្រាប់ការឈានទៅវគ្គបន្តរបស់អ្នក»។ លោក Rodgers ត្រូវបានរំពឹងទុកថា នឹងប្រើប្រាស់ក្រុមជម្រើសដំបូងរបស់លោក ខណៈដែលក្រុម Leicester សម្លឹងរកការដណ្តើមយកប្រៀបក្នុងការប្រកួតជើងទី១៕