អ្នកចាត់ការ​ទូទៅ​ក្លិប​ Leicester City លោក Brendan Rodgers បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា Leicester នឹង​មិន​លក់​កីឡាករ​របស់​ពួកគេ​ណា​ម្នាក់​ឡើយ ​ក្នុង​ឱកាស​ដោះដូរ​កីឡាករ​នា​ខែ​មករា​ខាងមុខនេះ​ទេ​។​ ​ការ​លើក​ឡើង​បែបនេះ​ បន្ទាប់ពី​មានការ​ទាក់​ទង់​ទិញ​ខ្សែបម្រើ​ឆ្នើម James Maddison ​ពី​ក្លិប​បិសាច​ក្រហម Manchester United​។

​​កីឡាករ​វ័យ ២៣​ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៥​ដង​ និង​ផ្តល់​បាល់​បញ្ជូន ៣​លើក​ក្នុង​លី​ក​រដូវ​កាល​នេះ​ដើម្បី​ជួយ​ឱ្យ​ Leicester City ឈាន​ដល់​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់ពី ១៦​ប្រកួត​ដែល​មាន ៦​ពិន្ទុ​លើស​ក្រុម​ម្ចាស់​ជើងឯក Manchester City ដែល​ឈរ​នៅ​លេខ​៣​។​ ​

លោក Rodgers ក៏បាន​និយាយ​ផង​ដែរ​ថា​ កិច្ចចរចា​កិច្ចសន្យា​កំពុង​បន្ត​ទាក់ទង ​នឹង​ខ្សែ​ការពារ​អន្តរជាតិ​អង់គ្លេស Maddison ​និង​ខ្សែ​ការពារ​ទួរគី CaglarSoyuncu​ ផង​ដែរ ដែល​ដើរ​តួនាទី​សំខាន់​នៅ​តំបន់​ការពារ​។ ​

Leicester City ចុង​សប្ដាហ៍​នេះ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ភ្ញៀវ Norwich City ខណៈ​អតីត​ក្រុម​ជើងឯក English Premier League ២០១៦ មួយ​នេះ​កំពុង​សំឡឹង​ឃើញ ៣​ពិន្ទុ ខណៈ​កំពុង​ប្រដេញ​ក្រុម​កំពូល​តារាង​ហង្ស​ក្រហម Liverpool ៨​ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ Credit: BTV