ក្រុមម្ចាស់ផ្ទះអ៊េមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ដំណើរផ្សងព្រេងរបស់ក្រុមបាល់ទាត់ជម្រើសជាតិគៀហ្ស៊ីគីស្ថាន ជាមួយនឹងគ្រាប់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស់នៅនាទីបន្ថែម១៥នាទី២ដង ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Asian Cup កាលពីថ្ងៃចន្ទ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកក៏ឈានទៅវគ្គបន្តផងដែរ។

អ្នកចាំទី Mathew Ryan បានសង្គ្រោះបាល់ប៉េណាល់ទី ២គ្រាប់ ខណៈដែលក្រុមមានរហស្សនាមថា Socceroos របស់ពួកគេបានផ្តួលក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។ កីឡាករបម្រុង Ahmed Khalil បានក្លាយជាវីរបុរសរបស់អ៊េមីរ៉ាតអារ៉ាប់រួម ក្នុងការប្រកួតដ៏ស្វិតស្វាញនៅទីក្រុង Abu Dhabi ខណៈដែលរូបគេបានស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតចូលលេងយ៉ាងល្អ ក្រោយពីការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាលអាចនឹងត្រូវបានចាត់ទុកថា ជាការកាត់សេចក្តីដ៏ខកចិត្ត។

លោក Aleksandr Krestinin គ្រូបង្វឹករបស់ក្រុមគៀហ្ស៊ីគីស្ថាន ដែលចាញ់ក្នុងលទ្ធផល ៣-២ បានឲ្យដឹងថា៖ «ខ្ញុំមិនចង់និយាយពីលោកអាជ្ញាកណ្តាលឡើយ។ យើងចេញពីយុទ្ធនាការនេះ ទាំងការសោកស្តាយជាច្រើន ព្រោះយើងពិតជាស័ក្តិសមក្នុងការទទួលបានលទ្ធផលល្អជាងនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាជាការប្រកួត Asian Cup ជាលើកទី១របស់យើង ប៉ុន្តែ ខ្ញុំប្រាកដចិត្តថា វានឹងមិនមែនជាលើកចុងក្រោយរបស់យើងឡើយ ហើយយើងនឹងវិលត្រឡប់កាន់តែខ្លាំងជាងមុន»។ លោក Alberto Zaccheroni គ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊េមីរ៉ាតអារ៉ាប់រួម បានឲ្យដឹងថា៖ «ពិតណាស់ យើងមានគ្រាប់បាល់ប៉េណាល់ទី១ទៀត ប៉ុន្តែ យើងបានបង្កើតឱកាសជាច្រើន»។ ជ័យជម្នះនេះ នឹងធ្វើឲ្យក្រុមអ៊េមីរ៉ាតអារ៉ាប់រួម ត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯកអូស្ត្រាលី ក្នុងវគ្គ៨ក្រុមចុងក្រោយ៕

អត្ថបទ៖​ Cambosport
ប្រភព៖ Channel News Asia