គ្រាប់បាល់តែ១គ្រាប់របស់កីឡាករ Takehiro Tomiyasu បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ធ្លាក់ចេញពីព្រឹត្តិការណ៍ Asian Cup ខណៈដែលក្រុមជម្រើសជាតិជប៉ុន បានផ្តួលក្រុមម្ចាស់ជើងឯក៣សម័យកាលមួយនេះ ក្នុងលទ្ធផល ១-០ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃចន្ទ។

គ្រាប់បាល់តែតបញ្ចូលទីក្នុងតង់ទី១ គ្រប់គ្រាន់ក្នុងការបំពេញជ័យជម្នះសម្រាប់ក្រុមជប៉ុន ខណៈដែលការប្រកួតវគ្គ១៦ក្រុមចុងក្រោយរវាងក្រុមទាំង២ ដែលសុទ្ធសឹងជាអតីតម្ចាស់ជើងឯកនោះ មិនបានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងឡើយ។ ក្រុមជម្រើសជាតិជប៉ុន ដែលម្ចាស់ជើងឯក Asian Cup ៤សម័យកាល នឹងត្រូវធ្វើដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដើម្បីជួបជាមួយនឹងក្រុមម្ចាស់ជើងឯកអាស៊ីអាគ្នេយ៍ វៀតណាម បើទោះបីមិនបានស្ថិតក្នុងទម្រង់លេងដ៏ល្អរបស់ខ្លួនក្នុងយុទ្ធនាការនេះក៏ដោយ។ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញពីទម្រង់លេងដ៏រឹងមាំនៅដើមតង់ ប៉ុន្តែ ក្រុមជប៉ុន បានដណ្តើមយកប្រៀបទៅលើការបញ្ជូនបាល់ទៅកាន់ប្រអប់គ្រោះថ្នាក់ នៅនាទី ទី២០។

ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌិត បានខិតខំព្យាយាមយ៉ាងខ្លាំង ក្នុងតង់ទាំង២ ប៉ុន្តែ មិនអាចរកបានគ្រាប់បាល់តាមស្មើវិញឡើយ ខណៈដែលតំបន់ការពាររបស់ក្រុមដែលមានរហស្សនាមថា Samurai Blue បានបង្ហាញពីទម្រង់លេងដ៏រឹងមាំ។ ក្រោយពីការធ្លាក់ចេញពី Asian Cup ឆ្នាំ២០១៩ ដ៏ខកចិត្តមួយនេះ លោក Juan Antonio Pizzi បានលាលែងពីតំណែងក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia