ខ្សែបម្រើ Frenkie de Jong របស់ក្លិប Ajax នឹងចូលរួមជាមួយនឹងក្លិប Barcelona នៅរដូវក្តៅខាងមុខនេះ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងតម្លៃខ្លួន៧៥លានអឺរ៉ូ (ស្មើនឹង៨៥,៤លានដុល្លារអាមេរិក)។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga មួយនេះ។

ខ្សែបម្រើអន្តរជាតិហូឡង់វ័យ២១ឆ្នាំរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដ៏ឆ្នើមបំផុតប្រចាំទ្វីបអឺរ៉ុប ខណៈដែលក្លិប Manchester City និង Paris Saint-Germain ក៏ចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាជាមួយនឹងរូបគេផងដែរ។ ប៉ុន្តែ ក្រោយពីការចរចាអស់រយៈពេលជាច្រើនសប្តាហ៍ ការាចូលរួមរបស់ De Jong ក្នុងការផ្ទេរមួយដែលអាចនឹងកើនដល់តម្លៃខ្លួន៨៥លានអឺរ៉ូ ត្រូវបានប្រកាសជាផ្លូវដោយគណនីបានបណ្តាញសង្គម Twitter របស់ Barca កាលពីថ្ងៃពុធ ជាមួយនឹងសារថា៖ «សិល្បៈករថ្មីម្នាក់នឹងចូលរួមនៅរដូវក្តៅក្រោយ»។

De Jong នឹងចំណាយពេលចុងក្រោយនៃរដូវកាលនេះជាមួយនឹងក្លិប Ajax ដែលមានន័យថារូបគេមានសេរីភាពក្នុងការប៉ះជាមួយនឹងក្រុម Real Madrid ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ នៅខែក្រោយ។ ក្លិប Barca បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «FC Barcelona និង Ajax បានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរខ្សែបម្រើ Frenkie de Jong ដែលនឹងចូលរួមជាមួយនឹងក្លិបស្ថិតនៅ Catalonia មួយនេះ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។ តម្លៃខ្លួននៃការផ្ទេរនេះមានចំនួន៧៥លានអឺរ៉ូ បូកបន្ថែមជាមួយនឹងប្រាក់ឧបត្ថម្ភផ្សេងៗចំនួន១១លានអឺរ៉ូទៀត។ កីឡាកររូបនេះនឹងចុះកុងត្រាមួយសម្រាប់រយៈពេល៥រដូវកាលបន្ទាប់រហូតដល់ឆ្នាំ២០២៣-២០២៤»៕

អត្ថបទ៖ Cambosport
ប្រភព៖ The Guardian