លោក Paulo Bento គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានច្រានចោលកង្វល់ផ្សេងៗជុំវិញភាពរឹងមាំរបស់ប្រធានក្រុម Son Heung-min តាមរយៈការបង្ហាញពីការគាំទ្ររបស់លោកឲ្យរូបគេបង្ហាញពីសមត្ថភាពក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Asian Cup ជាមួយនឹងក្រុមជម្រើសជាតិកាតា នៅរាត្រីនេះ។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលមិនធ្លាប់បានឈ្នះពានប្រចាំទ្វីបអាស៊ីសោះក្នុងរយៈពេល ៥៩ឆ្នាំនោះ បានបាត់បង់ខ្សែបម្រើ Ki Sung-yueng របស់ក្លិប Newcastle ដោយសារតែរបួសសរសៃពួរគន្លាក់ជើងរួចជាស្រេច ស្របពេលដែល Son ហាក់ដូចជាអស់កម្លាំងក្នុងពេលលេងនៅនាទីបន្ថែម ១៥នាទី ២ដង មុននឹងក្រុមខ្លួនយកឈ្នះលើក្រុមជម្រើសជាតិបារ៉ែន កាលពីដើមសប្តាហ៍នេះ។ ខណៈដែលលោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បារម្ភពីភាពរឹងមាំរបស់ Son ក្រោយពីបានបាត់បង់ Harry Kane និង Dele Alli ដោយសារតែរបួស។

លោក Bento កាលពីថ្ងៃព្រហស្បតិ៍ បានព្យាយាមលុបចោលសម្ពាធផ្សេងៗពីលើតារាឆ្នើមរបស់លោក នៅមុនពេលជួបក្រុមឡើងទម្រង់លេងកាតា ក្នុងទីក្រុង Abu Dhabi។ អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានឲ្យដឹងថា៖ «ពិតណាស់ យើងមិនអាចធ្វើអ្វីបានឡើយពី Ki នៅពេលនេះ។ ប៉ុន្តែ យើងត្រូវតែស្វែងរកដំណោះស្រាយដ៏ល្អបំផុត មិនមែនស្វែងរកលែសដ៏ល្អបំផុតឡើយ។ វាមិនមែនជាលើកទី១ឡើយដែលកីឡាករនឹងលេង២ប្រកួត ក្នុងរយៈពេល៣ថ្ងៃ ហើយវានឹងមិនមែនជាលើកចុងក្រោយឡើយ»។ នៅពេលដែលត្រូវបានចោទសួរពីខ្សែប្រយុទ្ធដ៏ឆ្នើមរបស់លោក ដែលបានចូលរួម ក្រោយពីការប្រកួតបើកឆាក២លើករបស់កូរ៉េខាងត្បូង និងបានលេងការប្រកួត២លើកចុងក្រោយនោះ លោក Bento បានបន្ថែមទៀតថា៖ «វាមិនមែនជារឿងចាំបាច់មួយឡើយដែល Son រកបានគ្រាប់បាល់បញ្ចូលទីនោះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia