Real Madrid បានស្តារមុខមាត់របស់ខ្លួនត្រឡប់មកវិញនាកីឡដ្ឋាន Camp Nou តាមរយៈការដណ្តើមបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Barcelona កាលពីថ្ងៃពុធ និងដណ្តើមយកការមានប្រៀបក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Copa del Rey។

ទាំងខ្សែប្រយុទ្ធ Lionel Messi និង Gareth Bale មិនបានស្ថិតក្នុងជម្រើសទាំង ១១នាក់ដំបូងឡើយ សម្រាប់ការប្រកួតជើងទី១ ប៉ុន្តែ ការចូលលេងរបស់ពួកគេក្នុងនាមជាកីឡាករបម្រុងមិនបានជួយអ្វីឡើយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Malcom បានតាមស្មើគ្រាប់បាល់បើកឆាកពីកីឡាករ Lucas Vazquez។

ក្រោយពីការលេងបានយ៉ាងល្អនៅរយៈពេល ២០នាទីដំបូង Real Madrid មិនបានស្ថិតក្នុងភាពរឹងមាំឡើយ ក្នុងការប្រកួតដែលមានឈ្មោះថា Clasico មួយនេះ ប៉ុន្តែ លទ្ធផលនេះ នឹងធ្វើឲ្យពួកគេមានប្រៀបក្នុងការធ្វើដំណើរទៅកាន់ការប្រកួតជើងទី២នៅកីឡដ្ឋាន Santiago Bernabeu នាថ្ងៃទី២៧ ខែកុម្ភៈ។ សម្រាប់ក្រុមរបស់លោក Santiago Solari ការបង្ហាញពីទម្រង់លេងដ៏រឹងមាំមួយ ក៏នឹងជួយលុបចោលការចងចាំនៃភាពអាម៉ាសរបស់ពួកគេនាកីឡដ្ឋាន Camp Nou កាលពីខែតុលា ផងដែរ ដែលនៅពេលនោះពួកគេបានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ ហើយលទ្ធផលនេះ បានធ្វើឲ្យលោក Julen Lopetegui រងការបណ្តេញចេញក្នុងរយៈពេលតែ១ថ្ងៃ បន្ទាប់ពីការប្រកួតនោះ។ លោក Solari បានឲ្យដឹងថា៖ «ការប្រៀបធៀបមិនបានជួយអ្វីឡើយ។ ប៉ុន្តែ លទ្ធផលនេះបង្ហាញពីការខិតចំព្យាយាមដែលក្រុមនេះកំពុធតែធ្វើការ»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia