ក្រុម Manchester United នឹងមិនផ្តោតតែលើការការពារឡើយ នៅពេលដែលក្រុម Paris St Germain ធ្វើដំណើរទៅកាន់ទឹកដីនៃកីឡដ្ឋាន Old Trafford សម្រាប់ការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ នៅរាត្រីនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹក។

Man United មិនស្គាល់ចាញ់សោះក្នុងរាល់យុទ្ធនាការទាំងអស់ ចាប់តាំងពីលោក Solskjaer បានចូលជំនួសកន្លែងរបស់លោក Jose Mourinho កាលពីខែធ្នូ ហើយការវិលទៅរកភាពខ្លាំងវិញរបស់ពួកគេ គឺអាស្រ័យទៅលើការរៀបចំឲ្យមានទម្រង់លេងដ៏មុតស្រួចរបស់គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះនៅតំបន់ប្រយុទ្ធ ខណៈដែលលោកមិនសូវផ្តោតខ្លាំងលើតំបន់ការពារដូចលោក Mourinho ឡើយ។ លោក Solskjaer ដែលបានឈ្នះការប្រកួត១០លើក និងស្មើ១លើកមកទល់ពេលនេះ បានប្រាប់គេហទំព័ររបស់ UEFA ថា៖ «យើងត្រូវតែស្វែងរករបៀបនៃការលេងរបស់ក្រុម Manchester United ត្រឡប់មកវិញ ហើយខ្ញុំគិតថា ក្រុមជាច្រើនមិនជួបការរីករាយក្នុងការប្រកួតនៅកីឡដ្ឋាន Old Trafford ឡើយ នៅពេលដែលយើងលេងបានលេងនោះ»។

លោកបានប្រាប់បន្តថា៖ «វាអាស្រ័យទៅនឹងការផ្តល់ការប្រកួតនេះទៅឲ្យគូប្រកួត ពោលគឺតែងតែជឿជាក់លើខ្លួនឯងជានិច្ច។ ប្រសិនបើអ្នកបានសួរអ្នកចាត់ការទូទៅផ្សេងទៀត ដែលលេងជាមួយនឹងក្រុមរបស់លោក Alex Ferguson ល្បឿន និងភាពស៊ីចង្វាក់គ្នាឆ្ពោះទៅមុខគឺជារឿងដ៏សំខាន់»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំផ្ទាល់មានខ្សែប្រយុទ្ធឆ្នើមៗ៣នាក់។ យើងមាន (Alexis) Sanchez និង (Jesse) Lingard ក៏ដូចជា Marcus) Rashford, (Anthony) Martial និង (Romelu) Lukaku។ ពួកគេអាចផ្តល់ការលំបាកដល់តំបន់ការពាររបស់ក្រុម PSG បាន»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia