លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុម Manchester United បានទទួលស្គាល់ថា ក្រុមរបស់លោកបានបង្ហាញពីកម្រិតដែលពួកគេនៅតេត្រូវមានការកែសម្រួលបន្ថែមទៀត ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុមដែលញាំញីដោយបញ្ហារបួសកីឡាករ Paris Saint-Germain ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃអង្គារ។

ខ្សែការពារ Presnel Kimpembe និងខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់បញ្ចូលទីត្រឹមតែចន្លោះពេល ៧នាទីនៅមុនពេលនាទីទី៦០ ខណៈដែល PSG បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងនាមជាបេក្ខភាពប្រជែងពានអឺរ៉ុប ជាលើកទី១ ជាពិសេស នៅពេលដែលពួកគេបានអវត្តមានខ្សែប្រយុទ្ធមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក Neymar និង Edinson Cavani ដោយសារតែរបួស។

ក្រោយពីឈ្នះ១០ប្រកួត និងស្មើ១លើក ក្នុងការប្រកួត១១លើក ចាប់តាំងលោក Solskjaer បានចូលជំនួសកន្លែងរបស់លោក Jose Mourinho កាលពីខែធ្នូ ការរងបរាជ័យជាលើកទី១សម្រាប់គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ គឺជាតាសតឿនយ៉ាងច្បាស់មួយទៅលើការវិលទៅរកភាពខ្លាំងវិញរបស់ក្រុម Man United ហើយពួកគេត្រូវជួបឧបស័គ្គដ៏ធំមួយក្នុងការឆ្លងឲ្យផុត នៅពេលក្រុមទាំង២ ជួបគ្នាម្តងទៀត ក្នុងការប្រកួតជើងទី២ នាថ្ងៃទី៦ ខែមីនា។ លោក Solskjaer បានឲ្យដឹងបន្ទាប់ពីការប្រកួតថា៖ «នៅថ្ងៃនេះ យើងមិនបានស្ថិតក្នុងកម្រិតរបស់យើងឡើយ នេះគឺជាកម្រិតមួយដែលយើងធ្លាប់បានលេង។ យើងមានកំណត់ត្រាដ៏អស្ចារ្យមួយ យើងបានឈានទៅកាន់ការប្រកួតនេះ ជាមួយនឹងស្មារតីដ៏ល្អ ទម្រង់លេងដ៏ល្អ ប៉ុន្តែ វាជាការប្រកួតដ៏ធំមួយដែរ»៕

អត្ថបទ៖ Cambosport
ប្រភព៖ New Channel Asian