ក្រុម Real Madrid ត្រូវការគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែបម្រើ Marco Asensio និងប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលហៅកាត់ថា VAR ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដើម្បីផ្តួលក្រុម Ajax ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្ងៃពុធ។

Ajax មិនធ្លាប់បានផ្តួលក្រុម Real សោះក្នុងរយៈពេល ២៤ឆ្នាំ និងបានគិតថា ពួកគេកំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ជ័យជម្នះនាកីឡដ្ឋាន Johan Cruyff Arena នៅពេលដែលកីឡាករ Nicolas Tagliafico បានតែតបាល់បំប៉ោងសំណាញ់ទី ក្រោយពីការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Thibaut Courtois។ ប៉ុន្តែ លោកអាជ្ញាកណ្តាល Damir Skomina បានកាត់សេចក្តីថា ខ្សែបម្រើ Dusan Tadic បានស្ថិតក្នុងទីតាំង Offside ក្រោយពីការត្រួតពិនិត្យវីដេអូឡើងវិញ ហើយ Real Madrid មិនបានបង្ហាញពីការអាណិតអាសូដល់ក្រុមជាគូប្រជែងប្រជុំដោយកីឡាករយុវជនរបស់ខ្លួនឡើយ ខណៈដែល Karim Benzema និង Asensio បានរកគ្រាប់បាល់ក្រៅដ៏សំខាន់ ក្នុងតង់ទី២។

ការរកបានគ្រាប់បាល់តាមស្មើរបស់កីឡាករ Hakim Ziyech យ៉ាងហោចណាស់នឹងជួយឲ្យក្រុម Ajax ស្ថិតក្នុងការប្រជែង ក្នុងពេលឈានទៅប្រកួតជើងទី២ នាកីឡដ្ឋាន Santiago Bernabeu ប៉ុន្តែ គ្រាប់បាល់ឈ្នះរបស់ Asensio នៅនាទី ទី៨៧ គឺជាការផ្តល់ការខកចិត្តដ៏ធំមួយ ក្រោយពីក្រុមរបស់ហូឡង់ បានគ្រប់គ្រងស្ទើរទាំងស្រុង។ ការកាត់សេចក្តីមិនផ្តល់គ្រាប់បាល់បើកឆាក នឹងបន្ថែមការខកចិត្តដ៏ធំបន្ថែមទៀត ហើយវាគ្មានអ្វីភ្ញាក់ផ្អើលឡើយក្នុងការឃើញកីឡាករ Ajax ជាច្រើនតវ៉ាជាមួយនឹងអាជ្ញាកណ្តាល បន្ទាប់ពីបញ្ចប់ការប្រកួត៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia