សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានចាប់ផ្តើមដំណើរការនៃការចាត់វិធានការផ្នែកវិន័យ ទៅលើការប្រប្រឹត្តមិនសមរម្យពីសំណាក់លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico Madrid។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានអបអរចំពោះការរកបានគ្រាប់បាល់ទី១ របស់ក្រុមលោកក្នុងពេលយកឈ្នះក្នុងលទ្ធផល ២-០ លើក្រុម Juventus ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ កាលពីថ្ងៃទី២០ ខែកុម្ភៈ តាមរយៈការក្តោបកន្លែងសំខាន់របស់លោក និងធ្វើចលនាត្រង់ក្រលៀនរបស់លោក។ លោក Simeone បានធ្វើការសុំអភ័យទោសចំពោះឥរិយាបថរបស់លោក បន្ទាប់ពីការប្រកួតនោះ និងបាននិយាយថា ទង្វើនោះគ្រាន់តែជាការចង់បង្ហាញពីការលើកទឹកចិត្តឲ្យក្រុមរបស់លោក ក្នុងពេលដណ្តើមបានជ័យជម្នះប៉ុណ្ណោះ។ លោក Massimiliano Allegri គ្រូបង្វឹកនៃក្រុម Juventus និងក្លិបរបស់អ៊ីតាលីមួយនេះ ក៏ប្រឈមមុខនឹងការចាត់វិធានការផ្នែកវិន័យផងដែរ សម្រាប់សកម្មភាពនៅជិតបញ្ចប់ការប្រកួតក្នុងរដ្ឋធានីរបស់អេស្ប៉ាញ។

Atletico ក៏ប្រឈមមុខនឹងការចោទប្រកាន់ផ្សេងៗផងដែរ ក្នុងពេលអ្នកគាំទ្ររបស់ខ្លួន បានព្យាយាមបិទផ្លូវជណ្តើរ និងចោលវត្ថុផ្សេងៗ អំឡុងនៃការប្រកួតនេះ។ UEFA មិនបានបញ្ជាក់កាលបរិច្ឆេទក្នុងការបើកសវនាការឡើយ។ ការប្រកួតជើងទី២ នឹងប្រព្រឹត្តទៅនៅទីក្រុង Turin នាថ្ងៃទី១២ ខែមីនា ខាងមុខនេះ៕

អត្ថបទដោយ៖ Cambosport
ប្រភព៖ Sport24