ខ្សែប្រយុទ្ធ Luis Suarez បានស៊ុតបាល់បញ្ចូលទី ២គ្រាប់កាលពីថ្ងៃពុធ ខណៈដែលក្រុម Barcelona បានផ្តល់ការបរាជ័យមួយផ្សេងទៀតដល់ក្រុម Real Madrid ដើម្បីខិតកាន់តែកៀកក្នុងការឈ្នះពាន Copa del Rey ជាលើកទិ៥ ជាប់ៗគ្នា។

Real Madrid លេងបានល្អជាងក្នុងការប្រកួតតង់ទី១ នៃជំនួប Clasico នេះ នាកីឡដ្ឋាន Santiago Bernabeu ប៉ុន្តែ ការរបូតគ្រាប់បាល់ ៣គ្រាប់ក្នុងចន្លោះពេល ២៨នាទីក្នុងតង់ទី២ បានជួយឲ្យក្រុម Barca ឈានទៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះ ៣-០ ក៏ដូចជាការឈ្នះទាំង ២ជើងក្នុងលទ្ធផល ៤-១ តែម្តង។ Suarez គួរតែរកបាន ៣គ្រាប់ ប្រសិនបើខ្សែការពារ Raphael Varane មិនបានធ្វើឲ្យរូបគេដួល ក្នុងពេលព្យាយាមទទួលបាល់បញ្ជូនឆ្លងរបស់ខ្សែបម្រើ Ousmane Dembele ទេនោះ ខណៈដែល Varane បានធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្រោមសម្ពាធពីតារាឆ្នើមអន្តរជាតិអ៊ុយរូហ្គាយរូបនេះ។

បន្ទាប់មក ក្រុម Barca បានគ្រប់គ្រងស្ថានភាពយ៉ាងល្អ ហើយបន្ទាប់ពីបានផ្តួលក្រុម Real Madrid ៥-១ នាកីឡដ្ឋាន Camp Nou កាលពីខែតុលា ពួកគេនឹងវិលទៅកាន់ការប្រកួតក្របខ័ណ្ឌ La Liga នៅថ្ងៃសៅរ៍នេះ ទាំងការជឿជាក់ ក្រោយពីដណ្តើមបានលទ្ធផលឈ្នះសរុប ៩-២ ពីការជួបគ្នា ៣លើករវាងក្រុមទាំង២ នៅរដូវកាលនេះ។ ប៉ុន្តែ នេះ មិនមែនជាការបរាជ័យដ៏អាម៉ាសដូចកាលពី ៤ខែមុនឡើយ ហើយបើទោះបីលទ្ធផលមិនល្អសម្រាប់ Real ក៏ដោយ ប៉ុន្តែ ក្រុមរបស់លោក Santiago Solari គួរតែសោកស្តាយចំពោះការខ្ជះខ្ជាយឱកាសល្អៗជាច្រើននៅពីមុខទី នៅមុនពេលក្រុមភ្ញៀវរកបានគ្រាប់បាល់បើឆាក៕

អត្ថបទដោយ៖ Cambosport
ប្រភព៖ Channel News Asia