រយៈពេលដ៏ខ្លីរបស់លោក Claudio Ranieri ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Fulham នៃក្របខ័ណ្ឌ Premier League បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានបណ្តេញចេញ ក្រោយពីកាន់តំណែងបានត្រឹមតែ៤ខែ។
បុរសសញ្ជាតិអ៊ីតាលីវ័យ៦៧ឆ្នាំរូបនេះ ដែលបានដឹកនាំឲ្យក្លិប Leicester City ឈ្នះពាន Premier League ឆ្នាំ២០១៦ មិនបានជួយសង្គ្រោះដល់ក្លិប Fulham ឡើយ ក្រោយពីលោកបានចូលជំនួសកន្លែងរបស់លោក Slavisa Jokanovic កាលពីខែវិច្ឆិកា។ លោកបានដឹកនាំក្នុងការប្រកួតក្របខ័ណ្ឌលីកត្រឹមតែ១៦ប្រកួត ប៉ុន្តែ បានទទួលជ័យជម្នះត្រឹមតែ៣ប្រកួតគត់ ហើយការរងបរាជ័យកាលពីថ្ងៃពុធក្រោមស្នាដៃក្រុម Southampton បានធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៅបាតតារាង ដោយដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិភាពដល់ទៅ១០ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ១០លើកទៀតប៉ុណ្ណោះ។
ការរងបរាជ័យនៅកឡដ្ឋាន St Mary’s បានក្លាយជាចំណុចកាត់សេចក្តីចុងក្រោយ ខណៈដែលអ្នកគាំទ្ររបស់ក្រុម Fulham បានស្រែកច្រៀងថា «អ្នកមិនដឹងពីអ្នកកំពុងតែធ្វើអ្វីឡើយ» ទៅកាន់លោក Ranieri។ លោក Ranieri អតីតគ្រូបង្វឹករបស់ក្រុម Chelsea ត្រូវបានចាត់ទុកថា ត្រូវបានតែងតាំងទាំងប្រថុយដោយលោក Shahid Khan ម្ចាស់ក្លិប Fulham។
ប៉ុន្តែ អ្នកគាំទ្ររបស់ក្រុម Fulham ដែលមិនសប្បាយចិត្ត បានលើកបដារមួយនៅឯទឹកដីក្រុម Southampton ដោយសរសេរថា៖ «តើជាការប្រថុយឬ? តើកំពុងតែទស្សនាការប្រកួត ឬអត់លោក Tony Khan?» ដែលជាសំដៅទៅកាន់កូនប្រុសរបស់ម្ចាស់ក្លិប Fulham ដែលកំពុងតែកាន់តួនាទីដ៏សំខាន់ក្នុងការកំណត់គោលនយោបាយរបស់ក្លិប៕