ប្រធានក្លិបបាល់ទាត់បឹងកេត លោកស្រី ពុធ ធីតា បានក្លាយជាស្រ្តីដំបូងគេ ដែលបានធ្វើជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បន្ទាប់ពីលោកស្រី បានជាប់នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិ បំពេញបន្ថែម ក្នុងមហាសន្និបាត លើកទី១៣ ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃចន្ទនេះ។

នៅក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីព្រឹកមិញនេះ អង្គមហាសន្និបាត ដែលដឹកនាំដោយលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសសមាជិក២រូប គឺលោក លោក អ៊ុក សិទ្ធិជាតិ និងលោក ខៀវ ចិន្តាវ័ន្ត ដែលបានផុតអាណត្តិជាគណៈកម្មាធិការប្រវតិបត្តិ និងត្រូវបោះឆ្នោតជ្រើសរើសបន្ថែម២នាក់វិញ។

នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកបំពេញបន្ថែម២នាក់វិញនោះ គឺមានបេក្ខភាពឈរឈ្មោះចំនួន៦នាក់ ហើយក្នុងនោះលោក លោក អ៊ុក សិទ្ធិជាតិ និងលោក ខៀវ ចិន្តាវ័ន្ត ដែលអស់សុពភាព ក៏បានឈរឈ្មោះជាថ្មី ឲ្យតំណាងក្លិបចំណុះឲ្យ FFC នៅទៅទាំងប្រទេសកម្ពុជា ធ្វើការបោះឆ្នោតវិញផងដែរ។

ជាលទ្ធផលនៃការបោះឆ្នោតនោះ លោក អ៊ុក សិទ្ធិជាតិ បានចាប់ឆ្នោតជាថ្មី ដោយបានទទួលសំឡេងគាំទ្រចំនួន៣២នាក់ ក្នុងចំណោមអ្នកបោះឆ្នោតចំនួន៣៧នាក់ ហើយអ្នកស្រី ពុធ ធីតា បានចាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានការគាំទ្រចំនួន២៩សំឡេង ហេតុនេះ លោក អ៊ុក សិទ្ធិជាតិ និងអ្នកស្រី ពុធ ធីតា បានក្លាយជាគណៈកម្មាធិការប្រតិបត្តិរបស់ FFC។

ប៉ុន្តែបេក្ខភាពឈរឈ្មោះចំនួន៤នាក់ទៀត មានលោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបវិសាខា លោក អៀង សាក់នីដា អគ្គលេខាធិការក្លិបបាល់ទាត់សូលទីឡូអង្គរ លោក ខៀវ ចិន្តាវ័ន្ត និងលោក ចាប សុខម៉េង មិនទទួលបានសំឡេងគាំទ្រច្រើនទេ គឺចន្លោះពី៦សំឡេង ទៅសូន្យសំឡេង៕