ក្រុមម្ចាស់ជើងឯកឆ្នាំ២០១៨ Avatar កាន់តែបង្ហាញភាពមុតស្រួច សម្រាប់ការបង្ហាញខ្លួន នៅក្នុងការប្រកួតពានពាក់កណ្តាលអាជីព Keller Williams Camboddia League 2019 (KW Cambodian League) ខណៈពួកគេ បានលត់ក្រុម Avaya រហូតដល់ ១៣-០ កាលពីថ្ងៃអាទិត្យ ប៉ុន្តែក្រុមម្ចាស់ជើងឯកឆ្នាំ២០១៧ Bayon Wonderers បានចាញ់ក្រុមជាគូសត្រូវចាស់ Khmer United (A) យ៉ាងជូរចត់ផងដែរ សម្រាប់ការវិលមកជួបគ្នាជាថ្មី។

តាមពិតក្រុម Avatar និង Avaya ធ្លាប់បានជួបគ្នាច្រើនលើកមកហើយ ប៉ុន្តែ Avaya មិនធ្លាប់ចាញ់រហូតដល់ ១៣-០ បែបនេះនោះទេ ហើយជ័យជម្នះដ៏ធំ បន្ថែមទៅលើការលត់ក្រុម Sen Sok Empire FT ១០-០ កាលប្រកួតបើកឆាកកន្លងមកនេះ វាបានបង្ហាញថា Avatar កាន់តែមានទម្រង់លេងល្អ និងមានភាពមុតស្រួចខ្លាំង ក្នុងការស្វែងរកគ្រាប់បាល់ ដើម្បីបន្តឈរនៅលើកំពូលតារាង។

ផ្ទុយពីនេះក្រុមអតីតក្រុមម្ចាស់ជើងឯក Bayon Wonderers មិនអាចរក្សាទីតាំងលេខ២របស់ខ្លួនបាននោះទេ ខណៈពួកគេបានចាញ់ក្រុមម្ចាស់ជើងឯករង២សម័យកាល Khmer United (A) ៥-១ កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យក្រុមមួយនេះ ធ្លាក់ទៅឈរនៅលេខរៀងទី៧ ដោយមាន៣ពិន្ទុដដែល។

ចំណែកក្រុម Khmer United (A) បានហក់ពីលេខ៤ មកឈរនៅលេខរៀងទី៣ ដោយមាន៦ពិន្ទុ គឺក្រោមក្រុម Riel Phnom Penh ដដែល ព្រោះ Riel PP បានបន្តយកឈ្នះក្រុមតាំងគោក ៣-០ ហើយក្រុម Khmer United (B) ក៏រកបាន៣ពិន្ទុបន្ថែមផងដែរ តាមរយៈការយកឈ្នះក្រុម Home Sport ៤-២។

ជាមួយគ្នានេះក្រុម ISI Group United និងក្រុមបាសាក់ ក៏រកបាន៣ពិន្ទុបន្ថែម ដើម្បីមាន៦ពិន្ទុផងដែរ ដោយក្នុងនោះ ISI បានលត់ក្រុមទន្សោង ៧-២ ដើម្បីឡើងមកឈរនៅលេខ៤ ខណៈបាសាក់ បានផ្តួលក្រុម Sen Sok Empire FT ៥-២ ដើម្បីបន្តឈរនៅលេខ៥។

ដោយឡែកក្រុម Mambo Phnom Penh បានរកឃើញការឈ្នះរបស់ខ្លួនហើយ តាមរយៈការផ្តួលក្រុម ATK ៦-០ ហើយក្រុម Khmer United U22 បានត្រឹមស្មើ ១-១ ជាមួយក្រុម Sniper ដែលធ្វើឲ្យពួកគេមានត្រឹម១ពិន្ទុ តែលទ្ធផលនេះវាប្រសើរជាងក្រុមគ្រួសារតាំងគោក Anvaya, Home Sport, ATK និង Sen Sok Empire FT ដែលបានចាញ់ទាំង២ប្រកួតជាប់ៗគ្នា៕