«ចំពោះ ការប្រកួតនៅថ្ងៃនេះ គឺលទ្ធផល យើងពេញចិត្តខ្លាំង ក៏ប៉ុន្តែបទម្រង់នៃការលេង មិនទាន់ពេញចិត្ត១០០ភាគរយនោះទេ គឺទើបតែបាន៥០ភាគរយ ទៅនឹងអ្វីដែលខ្ញុំបានដាក់ឲ្យពួកគេធ្វើប៉ុណ្ណោះ»។​ នេះជាការលើកឡើងរបស់លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បន្ទាប់ពីលោកបានដឹកនាំក្រុមមួយនេះ យកឈ្នះក្រុម Yangon United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតជម្រុះប្រចាំពូល F នៃពាន AFC Cup 2019 កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួត ដែលធ្វើឡើង នៅពហុកីឡដ្ឋានជាតិនោះ ក្រុម Yangon United បានបាត់សមាជិក១រូប តាំងពីនាទីទី៦ បន្ទាប់ពីអាជ្ញាកណ្តាលបានបណ្តេញកីឡាករ Zaw Pyae Pyho ឲ្យចេញពីទីលាន ពេលខ្សែការពាររបស់ក្រុម Yangon United រូបនេះបានយកដៃទៅប៉ះបាល់ដែលស៊ុតសំដៅរបស់ Kipson របស់ណាហ្គាវើល នោះ។

ខ្សែប្រយុទ្ធ Kipson ជាអ្នករកបានគ្រាប់បាល់ប៉េពាល់ទីនោះ ដើម្បីជួយឲ្យណាហ្គាវើល នាំមុខ ១-០ ត្រឹមនាទីទី៦ តែត្រូវបានខ្សែប្រយុទ្ធ Miller ស៊ុតតាមស្មើវិញ នៅនាទីទី៩។ យ៉ាងណាក៏ដោយ នៅនាទីទី២៦ ខ្សែការពាររបស់ក្រុម Yangong ម្នាក់ទៀត បានយកដៃប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។ លោកអាជ្ញាកណ្តាល បានផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យណាហ្គាវើល ជាលើកទី២ ហើយ Kipson ជាអ្នកធ្វើបានសម្រេចដដែល នៅនាទីទី២៦។ នៅក្រោយការនាំមុខ ២-១ នេះក្រុមណាហ្គាវើល បានវាយសម្រុកកាន់តែខ្លាំង និងទទួលបានបាល់ដាច់ ដែលជាឱកាសមាស៤ទៅ៥ដង ប៉ុន្តែនៅក្នុងនោះ ខ្សែប្រយុទ្ធ Amir Gurbani បានស៊ុតបាល់ដាច់តែឯង នៅមុខទីចំនួន៣គ្រាប់ ហើយ សួង វិរៈ ក៏បានស៊ុតបាល់កៀកបំផុតទៅប៉ះអ្នកចាំទី១គ្រាប់ផងដែរ។

ជុំវិញបញ្ហានេះ លោក មាស ចាន់ណា បានបញ្ជាក់ថា៖«អ្វីដែលខ្ញុំដាក់ទៅ គាត់បានធ្វើ ប៉ុន្តែគាត់នៅខ្វះការច្នៃប្រឌិតបន្ថែម ព្រោះក្នុងស្ថានភាពបាល់ទាត់ វាមានច្រើនមែនទែន គឺខ្ញុំមិនអាចរៀបចំទាំងអស់បានទេ។ ខ្ញុំរៀបចំតែកន្លែងសំខាន់ៗ អ៊ីចឹងកន្លែងចន្លោះផ្សេងទៀត គាត់ត្រូវតែមានការច្នៃប្រឌិតខ្លួនឯងបន្ថែមទៀត ដូចជាចលនាបញ្ចប់ទី និងការបញ្ជូនបាល់សម្លាប់ជាដើម»។

តាមរយៈការយកឈ្នះក្រុម Yangon United ២-១ ទាំងតឹងទ្រូងលើកនេះ បានជួយឲ្យក្រុមណាហ្គាវើល ឡើងមកឈរនៅលេខរៀងទី៣ប្រចាំពូលF ជាបណ្តោះអាសន្ន ដោយមាន៣ពិន្ទុ។ ចំណែកក្រុម Hanoi FC របស់វៀតណាម ដែលធ្លាប់បានបំបាក់ក្រុមណាហ្គាវើល ១០-០ នោះ បានត្រឹមស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Tampines Rovers របស់សិង្ហបុរី សម្រាប់ការប្រកួតលើកទី២ កាលពីថ្ងៃអង្គារនោះដែរ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមទាំង២នេះ មាន៤ពិន្ទុ ជាមួយការឈ្នះ១ និងស្មើ១ ប្រកួតដូចគ្នា៕