ប្រភេទកីឡាចំនួន១២ប្រភេទ ដែលត្រូវបានអនុញ្ញាតឲ្យចូលររួមប្រកួត អបអរពិធីបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩នេះ បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីធ្វើការប្រកួតជូនមហាជនបានទស្សនា ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

លោក វ៉ាត់ ចំរើន ប្រធានអនុគណៈកម្មការកីឡាបុណ្យទន្លេ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានប្រាប់ថា៖ «បុណ្យទន្លេ នៅថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ចុងសប្តាហ៍នេះ យើងបានសហការជាមួយសហព័ន្ធកីឡាជាតិ ត្រៀមរួចរាល់ហើយនូវកីឡាចំនួន១២ប្រភេទ ដើម្បីប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ដ៏ទាក់ទាញមួយនេះ»។ ចំពោះប្រភេទកីឡាំទាំង១២ប្រភេទ ដែលត្រូវដាក់ឲ្យប្រកួតនៅក្នុងបុណ្យទន្លេ ចុងសប្តាហ៍នេះរួមមានរត់ប្រណាំងកម្សាន្ត (មានរត់៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ) កីឡាបាល់ទាត់ កីឡាបាល់ទះ ចំបាប់បុរាណ ប្រណាំងសេះ ទាញព្រ័ត្រ វាយសី ជិះកង់កម្សាន្ត ប្រណាំងទូកបាល់បោះ ប្រដាល់គុនខ្មែរ និងកីឡាប្រពៃណីល្បក្កតោ។

សម្រាប់កម្មវិធី និងទីលានប្រកួតរបស់ប្រភេទកីឡាទាំង១២នេះគឺទី១ កីឡារត់ប្រណាំងកម្សាន្ត ចាប់ប្រកួតនៅម៉ោង៦ព្រឹក នាថ្ងៃទី១៥ ខែមីនា ដោយចាប់ផ្តើមពីចំណុចរូបសំណាកពុទ្ធសែននាងកងរី និងបញ្ចប់នៅទីនោះវិញ ទី២ កីឡាបាល់ទាត់ មានការប្រកួត៣ថ្ងៃពេញ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង គឺចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១រសៀល និងចាប់ពីម៉ោង៣ ដល់ម៉ោង៥ល្ងាច។

ចំណែកទី៣ កីឡាបាល់ទះ ប្រកួត៣ថ្ងៃពេញដែរ នៅកីឡដ្ឋានខេត្ត ពីម៉ោង១៥ ដល់ម៉ោង១៧។ ទី៤ កីឡាចំបាប់បុរាណប្រកួត៣ថ្ងៃពេញ នៅកីឡដ្ឋានខេត្ត ចាប់ពីម៉ោង១៧ ដល់ម៉ោង២០ ហើយទី៥កីឡាទាញព្រ័ត្រ ប្រកួតនៅថ្ងៃទី១៥ និងទី១៦ ខែមីនា ពីម៉ោង១៥ ដល់ម៉ោង១៧ នៅកីឡដ្ឋានខេត្ត ហើយទី៦ កីឡាប្រណាំងសេះ រយៈពេល១ថ្ងៃចុងក្រោយ ពីវេលាម៉ោង១៥ ដល់ម៉ោង១៧ នៅឃុំស្វាយជ្រុំក្អមមាស។

ទី៧កីឡាវាយសី ប្រកួត៣ថ្ងៃពេញ នៅទីលានសាលាខេត្តកំពង់ឆ្នាំង ចាប់ពីម៉ោង៨ ដល់ម៉ោង១១ ទី៨កីឡាជិះកង់កម្សាន្ត ប្រកួតនៅថ្ងៃទី១៦ ខែមីនា នៅរូបសំណាកពុទ្ធសែននាងកងរី ពីម៉ោង៧ ដល់ម៉ោង៩ព្រឹក ទី៩ ប្រដាល់គុនខ្មែរ(មិត្តភាពក្នុងស្រុកចំនួន១១គូ) ពីថ្ងៃទី១៥ ដល់ទី១៦ ខែមីនា នៅកីឡដ្ឋានខេត្ត ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ុស្តិ៍លេខ១១ ទី១០ ប្រណាំងទូក នៅមាត់ទន្លេផ្សារក្រោម ចាប់ពីរសៀលម៉ោង២តទៅ ទី១១ កីឡាបាល់បោះ ពីថ្ងៃ១៥ ដល់ទី១៦ ខែមីនា នៅកីឡដ្ឋានខេត្ត ពីម៉ោង១៥ ដល់ម៉ោង១៧ ហើយទី១២ កីឡាល្បុក្កតោ ប្រកួតនៅថ្ងៃទី១៦ និងទី១៧ ខែមីនា នៅពហុកីឡាដ្ឋានខេត្ត ពីម៉ោង១៧ ដល់ម៉ោង១៨។