កីឡាករជើងខ្លាំង ដែលជាម្ចាស់មេដាយមាស ស៊ីហ្គេម ឆ្នាំ២០១៧ ឃីម ឌីម៉ា របស់ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងត្រូវដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីរបស់ថៃ Kim Young ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀន SEATV នាល្ងាចថ្ងៃសៅរ៍នេះ។​​ ការដាក់ឲ្យជួបគ្នារវាងជើងខ្លាំង ឃីម ឌីម៉ា និង Kim Young ធ្វើឲ្យមានការលើកឡើងផ្សេងៗគ្នា ដោយអ្នកខ្លះថា វាគ្រាន់តែជាការប្រកួតធម្មតាមួយ ដែលគេរៀបចំ ដោយយកអ្នកខ្សោយជើងថ្មីមកឲ្យ ឃីម ឌីម៉ា ស៊ីលេង ដើម្បីក្រសោមយកតែចំនួនអ្នកចូលរួមទស្សនាផ្ទាល់ ដោយសារ ឌីម៉ា ជាកីឡាករល្បី និងមានអ្នកគាំទ្រច្រើន។

ប៉ុន្តែប្រភពពីអ្នកនាំកីឡាករថៃមកប្រកួត និងអ្នកធ្លាប់ស្គាល់សមត្ថភាពរបស់ Kim Young បានអះអាងថា ការប្រកួតនេះ នឹងមានភាពស្វិតស្វាញខ្លាំង ហើយបើទោះបីជា ឃីម ឌីម៉ា ឈ្នះ ឬចាញ់ ក្នុងស្ថិតនៅក្នុងស្ថានភាពគ្រាំគ្រាផងដែរ ព្រោះ Kim Young ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ ដែលទើបតែមានឈ្មោះបោះសំឡេង។

ប្រភពពីគណៈកម្មការផ្គូផ្គង បានបង្ហើបឲ្យដឹងថា៖

«Kim Young ជាអ្នកប្រដាល់ថៃលំដាប់ខ្លាំងម្នាក់ ទើបតែមានឈ្មោះបោះសម្លេង និងទើបតែឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅខេត្តឈៀងរ៉ៃប្រទេសថៃថ្មីៗកន្លងមក អ៊ីចឹងអាចបង្ហាញបានថា បើសិនជាថៃម្នាក់នេះ មានសមត្ថភាពអន់ ឬកម្រិតមធ្យម គេមិនហ៊ានប្រថុយមកជួប ឃីម ឌីម៉ា ដែលជាជើងខ្លាំងនោះទេ»។

យ៉ាងណាក៏ដោយ យើងតាមប្រវត្តិប្រកួត ដែលទទួលបានពីគណៈកម្មការរៀបចំ គឺ Kim Young មានបទពិសោធប្រកួតតិចជាង ឃីម ឌីម៉ា ជិតពាក់កណ្តាល ព្រោះកីឡាករមានកម្ពស់១,៦៩ម៉ែត្រ Kim Young ធ្លាប់ប្រកួតត្រឹម៧២ដង ឈ្នះ៥៩ ចាញ់១១ និងស្មើ២ដង ចំណែកជើងខ្លាំង ឃីម ឌីម៉ា ធ្លាប់ប្រកួត១០៧ដង ឈ្នះ៩៣ ចាញ់១២ និងស្មើ២ដង។

ចំណែកលោក ហេង ប៊ុនឃីម ដែលជាពុក និងជាគ្រូបង្វឹករបស់ ឃីម ឌីម៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ឌីម៉ា កំពុងហ្វឹកហាត់យកកម្លាំងត្រៀមប្រកួតមិនឲ្យចាញ់ទេ ប៉ុន្តែយើងមិនត្រូវមើលងាយដៃគូឡើយព្រោះគេក៏ហាត់ យើងក៏ហាត់»៕