ទោះ​បី​ជា​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​គុន​ចម្រុះ​ពូកែ​បំផុត​ម្នាក់​របស់​កម្ពុជា​ក៏​ដោយ តែ រិន សារ័ត្ន មិនអាច​រក​បាន​លទ្ធផល​ដែល​គេ​ប្រាថ្នា​ចង់​បាន​​ញឹកញាប់​ឡើយ​។

កាល​ពី​ថ្ងៃ​​សុក្រ​ទី​៨​ខែ​មីនា សារ័ត្ន បាន​តំណាង​កម្ពុជា​នៅ ONE: REIGN OF VALOR ក្នុង​ទីក្រុង​យ៉ាំងហ្គូន ប្រទេស​មីយ៉ាន់ម៉ា​។

ថ្វី​បើ​គេ​បាន​បញ្ចេញ​​​សមត្ថភាព​​យ៉ាង​គួរ​ឱ្យ​សរសើរ​និង​បង្ហាញ​​ភាព​រីក​ចម្រើន​នៃ​ជំនាញ​របស់​គេ​យ៉ាង​ណា​ក្ដី តែ​ទី​បញ្ចប់ សារ័ត្ន បាន​ចាញ់​ពិន្ទុ​កីឡាករ​សំណព្វ​ចិត្ត​របស់​ម្ចាស់​ផ្ទះ “The Dragon Leg” Tial Thang​ ក្រោយ​តស៊ូ​ស្វិតស្វាញ​៣​ទឹក​ពេញ​។

ដោយ​គោរព​ពាក្យ​សន្យា​ជាមួយ​ភរិយា​និង​គ្រួសារ​របស់​គេ សារ័ត្ន និយាយ​ថា​​ឥឡូវនេះ​គេ​នឹង​ដក​ខ្លួន​មួយ​រយៈ​​ពី​អាជីព​ជា​កីឡាករ​គុន​ចម្រុះ​។

សារ័ត្ន ពន្យល់​ថា​៖

«មុនពេល​ចាកចេញ​ពី​ផ្ទះ​ទៅ​ហាត់​ត្រៀម​នៅ​ថៃ ខ្ញុំ​បាន​សួរ​ប្រពន្ធ​ខ្ញុំ​ថា​គិត​ម៉េច​ដែរ? កាលណោះ​ចំថ្ងៃ Valentine’s Day ហើយ​គាត់​មិន​ចង់​​ឱ្យ​ខ្ញុំ​ទៅ​ទេ ប៉ុន្តែ​ពួកយើង​បាន​សន្យា​គ្នារឿង​មួយ។ ខ្ញុំ​បាន​សន្យា​ជាមួយ​គាត់​ថា​ខ្ញុំ​នឹង​ហាត់​ឱ្យ​ខ្លាំង​និង​​​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព ហើយ​បើ​ខ្ញុំ​​ធ្វើ​មិន​បាន​ល្អ​ឬ​មិន​​បាន​ជ័យជម្នះ​ត្រលប់​មក​ផ្ទះ​វិញ​ទេ ខ្ញុំ​នឹង​ផ្អាក​អាជីព​នេះ​មួយ​រយៈ»។

សារ័ត្ន បន្ថែម​ថា​៖

«បន្ទាប់​ពី​សន្យា​ជាមួយ​គាត់​រួច គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​និង​ជំរុញទឹក​ចិត្ត​ខ្ញុំ​ពេញ​ទំហឹង។ គាត់​បាន​និយាយមក​ខ្ញុំ​ថា​[បើ​បង​ចង់​បន្ត​ប្រកួត​ទៀត បង​ត្រូវ​ហាត់​ឱ្យ​ខ្លាំង​មែនទែន​ហើយ​យកជ័យជម្នះ​ឱ្យ​បាន​»។

សារ័ត្ន បាន​ទទួល​ការ​សរសើរ​​ទាំង​ពី​សំណាក់​មិត្ត​រួម​ក្លិប​និង​គ្រូ​បង្វឹក​ចំពោះ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​និង​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​គេ​។ ប៉ុន្តែ​គេ​បាន​ចាញ់​២​ប្រកួត​ចុង​ក្រោយ​ជាប់​គ្នា​នៅ ONE Championship បន្ទាប់​ពី​បាន​ផ្ដួល Mario Satya ​ឱ្យ​សន្លប់​ដោយ​ផ្លែ​កែង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​។

ថ្វី​បើ​គេ​ទទួល​បាន​ការ​សរសើរ​និង​លើក​ទឹក​ចិត្ត​​ពី​អ្នក​គាំទ្ររបស់​គេ​ក្ដី​ ប៉ុន្តែ សារ័ត្ន សារភាព​ថា​គេ​​មានអារម្មណ៍​រអៀស​ខ្លួន​ចំពោះ​ការ​មិន​សូវ​ទទួល​បាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​។

សារ័ត្ន សង្កត់ធ្ងន់ថា​៖

«ខ្ញុំ​មានអារម្មណ៍​ថា​ខ្ញុំ​គួរ​តែ​អាច​ធ្វើ​បានល្អ​ជាងនេះ​សម្រាប់អ្នក​គាំទ្រ​របស់​ខ្ញុំ​។ ខ្ញុំ​មានអារម្មណ៍​ខ្មាស​អៀន​ចំពោះ​ខ្លួន​ឯង ទោះបី​អ្នក​គាំទ្រ​ខ្ញុំ​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​និង​មិន​រិះគន់​ខ្ញុំ​ក៏​ដោយ។ ខ្ញុំ​វ៉ៃ​នៅ ONE Championship ​៥​ដង​ហើយ តែ​ចាញ់​៤​ដង ឈ្នះ​តែ​ម្ដង​។ ខ្ញុំ​មានអារម្មណ៍​ខ្មាស​អៀន​ចំពោះ​ខ្លួន​ឯង​។ ខ្ញុំ​តំណាង​កម្ពុជា​នៅ ONE Championship តែ​​ខ្ញុំ​បាន​ចាញ់​​ជា​ច្រើន​ដង​​។»

មុនការ​ប្រកួត​ជាមួយ Tial Thang នៅ​មីយ៉ាន់ម៉ា សារ័ត្ន បាន​ចំណាយ​ពេល​កន្លះ​ខែ​​ក្នុងក្លិប Yorky Mixed Martial Arts ក្នុងទីក្រុង​បាងកក ដើម្បី​ហាត់​ក្រោម​ការ​បង្វឹក​របស់​អតីត​អត្តពលិក​របស់ ONE Championship លោក Nicholas “JJ” Lee​។

នៅ​ក្នុង​ក្លិប​ល្បី​ឈ្មោះ​មួយ​ក្នុង​ទីក្រុង​បាងកក សារ័ត្ន មាន​ឱកាស​​ហាត់​យ៉ាង​ទៀងទាត់​ជាមួយ​អ្នក​លេង​គុន​ចម្រុះ​អាជីព​ជា​ច្រើន ដែល​ជា​ផ្នែក​សំខាន់​មួយ​ជួយ​ឱ្យ​គេ​អភិវឌ្ឍ​សមត្ថភាព​យ៉ាង​គួរ​ឱ្យ​កត់​សម្គាល់​មុន​ការ​ប្រកួត​នៅ​មីយ៉ាន់ម៉ា​​មក​ដល់​។

កីឡា​គុន​ចម្រុះ​កំពុង​កើន​ឡើង​ប្រជាប្រិយភាព​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ សារ័ត្ន ទទួល​ស្គាល់​ថា​មាន​ឧបសគ្គ​២​យ៉ាង​ដែល​​​កំពុង​រារាំង​​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ពី​ការ​ឈាន​ដល់​កម្រិត​ខ្ពស់​ជាង​នេះ​ក្នុង​កីឡា​​មួយ​នេះ​។

សារ័ត្ន លើកឡើង​ថា​៖

«ទី​១​កម្ពុជា​មិនសូវ​សម្បូរ​កីឡាករ MMA ទេ ភាគ​ច្រើន​គេ​ហាត់​ប្រដាល់​សេរី​ អីចឹង​វា​ពិបាក​ក្នុងការ​ស្វែង​រក​ដៃគូ​ល្អ​ដើម្បី​​ហ្វឹកហាត់ ព្រោះ​ក្រៅ​ពី​ហាត់​ក្បាច់​ហើយ ​យើង​ត្រូវការ​សម​គ្នា ឡាំគ្នា​ក្នុង​ទ្រុង​ដើម្បីដឹង​ពី​សមត្ថភាព​​។ ចំណែក​​គុណភាព​​កីឡាករ​ MMA ដែល​យើង​មាន​​បច្ចុប្បន្ន​​​ទៀត​សោត​​នៅ​មិនទាន់​ដល់​​កម្រិត​កំពូល​នៅឡើយ​​»។

សារ័ត្ន មិនទាន់​ច្បាស់​នៅឡើយទេ​​ពី​អនាគត​ក្នុង​​អាជីព​គុន​ចម្រុះ ប៉ុន្តែ​អះអាង​ថា​គេ​នឹង​បន្ត​ហ្វឹកហាត់​​​យ៉ាង​ស្វាហាប់​ដូច​មុន ហើយ​គេ​នៅ​តែ​ស្រលាញ់​គុន​ចម្រុះ​។

«ប្រពន្ធ​និង​ឪពុក​ម្ដាយ​ខ្ញុំ ពួក​គាត់​យល់​និង​ដឹង​ថា​វា​ជា​​មហិច្ឆតា​របស់​ខ្ញុំ​និង​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​។ ខ្ញុំ​ស្រលាញ់​ MMA ណាស់ ហើយ​ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្ហាត់ MMA ទៀតណោះ​។ តែ​ពេលនេះ​ខ្ញុំ​នឹង​ដក​ខ្លួន​ពី​កីឡា​មួយ​រយៈសិន​ បន្ទាប់​មក​សឹមគិត​​តាម​ក្រោយ​ទៀត»៕