ជើងខ្លាំងល្អគ្រប់ក្បាច់ ឡៅ ចន្ទ្រា មានក្ដីសង្ឃឹមរហូត ៧០ % អាចគ្រងខ្សែក្រវាត់រដូវកាលថ្មី របស់សង្វៀនបាយ័នស្ទឹងមានជ័យ ដែលបានបើកឆាកប្រកួតសន្សំពិន្ទុកាលពីថ្ងៃអាទិត្យម្សិលមិញ ។
សម្រាប់ការប្រកួតលើកទី១ល្ងាចមិញនេះ ឡៅ ចន្ទ្រា ដែលមកពីខេត្តកំពង់ស្ពឺបានយកឈ្នះពិន្ទុកីឡាករថៃ Kreng Krai Tor Silachai ដោយពិន្ទុ។
ទាក់ទងការប្រកួតខ្សែក្រវាត់នេះ ចន្ទ្រា បានប្រាប់ថា រូបគេបានពង្រឹងការហ្វឹកហាត់ដូចរាល់ដង ហើយបានព្យាយាមសិក្សាពីចំណុចខ្វះខាតរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ គេមើលឃើញថា កីឡាករថៃទាំងអស់សុទ្ធតែល្អ ហើយមានក្បាច់ប្រយុទ្ធរៀងៗខ្លួន។ ចំណុចដែលនាំឲ្យមានក្ដីសង្ឃឹមខ្ពស់ដូច្នេះ ដោយសារកត្តាបានប្រឹងប្រែងហ្វឹកហាត់ និងស្គាល់ពីដៃគូច្បាស់។
ក្នុងសន្និសីទកាសែតបើកការប្រកួតនេះ លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងផ្នែកប្រដាល់សង្វៀនបាយ័នបានលើកឡើងដែរថា លោកពិតជាអរគុណ ដល់ម្ចាស់ឧបត្ថម្ភកម្មវិធីដែលបានចំណាយថវិកាយ៉ាងច្រើនក្នុងការជ្រោមជ្រែងសង្វៀនបាយ័នស្ទឹមមានជ័យអស់ជាច្រើនឆ្នាំមកហើយ។ លោកសង្ឃឹមយ៉ាងមុតមាំថា កីឡាករគ្រប់គ្នានឹងប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពដែលខ្លួនមាន ដើម្បីតបស្នងមកកាន់អ្នកឧបត្ថម្ភវិញ។