កីឡាករ​ប្រដាល់​វ័យ​ ២៣​ ឆ្នាំ​ គង់​ សំបូរ​ កំពុង​​សម្ងំ​​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​នៅ​ក្លឹប​ប្រដាល់ «​អាណាចក្រ​ប្រយុទ្ធ​» ​​​​នា​ទឹក​ដី​​ខេត្ត​សៀមរាប​ ​​​ក្រោម​​ការ​​បង្វឹក​របស់​​លោក​ ជា រិ​ទ្ធ​ ក្នុង​ការ​ដាក់​គោល​ដៅ​​​យក​ជ័យជម្នះ​​ឲ្យ​ខាង​តែ​បាន​ បើ​សិន​ជា​​មាន​ការ​ប្រកួត​​​បន្ទាប់​នៅ​សង្វៀន​ One Championship ឬ ​​​ជា​ការ​ប្រកួត​សង​សឹក​ទល់​​នឹង​កីឡាករ​​ Zhang Chenlong ​របស់​ចិន។​

កីឡាករគង់ សំបូរ បានប្រាប់​​ថា​ ៖​ «​ខ្ញុំ​ចាញ់​កម្លាំង​ Zhang ​​ហើយ​គេ​ខ្ពស់​ជាង​​ ​ខ្ញុំ​ខ្លី​ជាង​គេ​ …​​គេ​វែង​ហើយ​រហ័ស​ទៀត​ ដូច្នេះ​​ខ្ញុំ​មិន​​អាច​​ចូល​ផ្ដេសផ្ដាស​​លើ​គេ​បាន​​ទេ។​ ​​​​ខ្ញុំ​​ត្រូវ​​​​​វ៉ៃ​ចូល​ ហើយ​ចេញ​ឲ្យ​លឿន​ ​ហើយ ​ម្យ៉ាង​ទៀត​ ​​​នៅ​​កម្មវិធី​នោះ គេ​មិន​ឲ្យ​យើង​ចូល​វ៉ៃ​កៀក​ពេក​ដែរ ​ខ្លាច​យើង​ប្រើ​កែង។​ ​​យ៉ាង​ណា​ក្ដី​ ខ្ញុំ​បាន​រៀប​សូត្រ​ពី​ការ​ប្រកួត​នេះ​ច្រើន ​ហើយ​ បើ​​មាន​ការ​ប្រកួត​លើក​ក្រោយ​កម្រិត​ប្រហែល​នេះ ​ឬ ​​ការ​សងសឹក​ ខ្ញុំ​នឹង​អាច​ឈ្នះ​ជា​មិន​ខាន»។

អ្នក​លេង​គុន​ខ្មែរ​​ដដែល​​គូស​បញ្ជាក់​ទៀត​ថា ៖«​​ខ្ញុំ​ហ្វឹកហាត់​ជា​ប្រចាំ​រាល់​ថ្ងៃ​មិន​ធ្វេស​ប្រហែស​ឡើយ​ ​​នៅ​ក្លឹប​ អាណាចក្រ​ប្រយុទ្ធ ​នៃ​ខេត្ត​សៀមរាប។​ ​​ហើយ​មួយ​ទៀត​ ខ្ញុំ​ក៏​តម​អាហារ​​​ដែរ​ ​អាហារ​ណា​ត្រូវ​ញុំា​ និង ​អាហារ​ណា​មិន​ត្រូវ​ញុំា​ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្លាំង»។ ​

ការ​តាំង​​ចិត្ត​យ៉ាង​ដូច្នេះ​ បន្ទាប់​ពី​អតីត​​កូន​សិស្ស​របស់​​លោក​ ធន់ សុភា ​​​​​ចាញ់​ពិន្ទុ​​កីឡាករ​ Zhang Chenlong របស់​ចិន​ ​កាល​ពីខែកុម្ភៈ​ ​កន្លង​មក​នៅ​​​​​សិង្ហបុរី ​ដែល​​ជា​​​​ការ​ប្រកួត​​នៅ​លើ​សង្វៀន​លំដាប់​ពិភព​លោក​​លើក​ទី១។​ ​បញ្ហា​ប្រឈម​​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​មិន​សម​ប្រកប​នេះ​ ​ត្រូវ​បាន​ សំបូរ ​ទម្លាយ​ថា​​ ​​​​ការ​មិន​ទាន់​សុំា​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​​​ដោយ​យន្ត​ហោះ​ ​និង ​ការ​ញុំា​អាហារ​​​នៅ​ ​សិង្ហបុរី​ ជា​ដើម។​