កម្មវិធីប្រដាល់រៀបចំដោយសង្វៀន CNC និងឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងគោជល់ «ដំណើរទៅតាមខេត្ត» ចូលដល់សប្ដាហ៍ទី២ នឹងរៀបចំឡើងនៅក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះហើយ ប្រជុំទៅដោយជើងខ្លាំងល្បីៗនៅកម្ពុជា។
សម្រាប់អ្នកនិយមទស្សនាគុនខ្មែរ កំពុងរង់ចាំឲ្យតែដល់ថ្ងៃប្រកួតនៅខេត្តកំពង់ស្ពឺនោះទេ ព្រោះមានជើងខ្លាំងដែលជា Idol របស់ពួកគេដូចជា ឡៅ ចិត្រា និង ផល សោភ័ណ្ឌ ជាដើមនាជំនួបមិត្តភាពអន្តរជាតិអមគូជម្រុះខ្សែក្រវាត់នៅទីនោះ។
អ្នកប្រដាល់ល្អគ្រប់ស្នៀត ឡៅ ចិត្រា នឹងប្រកួតក្នុងទឹកដីកំណើតរបស់ខ្លួនជាមួយជើងខ្លាំងមកពីប្រទេសថៃ យ៉តកុស៊ុន ច.ថាក់វិឆ័យ ដែលមានប្រវត្តិប្រកួតមិនធម្មតា ធ្លាប់ប៉ះជើងខ្លាំងមិត្តរួមជាតិរបស់គេជាច្រើននាក់មកហើយ។
ចំពោះគូ ផល សោភ័ណ្ឌ វិញនោះជារឿងសោកស្ដាយដែរ ដែលគូនេះត្រូវបានផ្លាស់ប្ដូរទៅវិញ ព្រោះតែ ឌិន ណាផូ អាក់ខានមិនបានប្រកួតវិញដោយសារបញ្ហាសុខភាព ជំនួសមកវិញកីឡាករ កែវកាំងវ៉ាន។ អ្នកតាមដានគុនខ្មែរគឺចង់ទស្សនាខ្លាំងការប៉ះរវាង សោភ័ណ្ឌ និង ឌិន ណាផូ ពីរនាក់នេះណាស់ ដោយសារសុទ្ធតែជាកីឡាករល្អ វ៉ៃក្បាច់ដូចគ្នាកម្រចាញ់ និងមិនដែលជួបគ្នាពីមុនមកទៀតផង។
បញ្ជាក់ដែរថាកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ដំណើរទៅតាមខេត្ត នឹងធ្វើនៅថ្ងៃសៅរ៍ ទី៣០ មីនា ២០១៩ នៅក្នុងខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ៥,៣០នាទីល្ងាចតទៅ។ ធា វាសនា ប៉ះ ឡុង សំណាង សូត្រ សាណូ ប៉ះ រឿង សារិទ្ធ ទម្ងន់៦៣,៥គីឡូក្រាម គូវិលជុំដណ្ដើមខ្សែក្រវាត់។ ចិត្រា ប៉ះ យ៉តកុស៊ុន ច.ថាក់វិឆ័យ ខណៈ ផល សោភ័ណ្ឌ ប៉ះ កែវកាំងវ៉ាន៕
អត្ថបទ៖ នួន ស៊ីណា ប្រភពពី: Sabay
អ្នកប្រដាល់គុនខ្មែរគោជល់ដំណើរទៅតាមខេត្ត កក្រើកទៀតហើយយប្រជុំដោយអ្នកខ្លាំង
អត្ថបទទាក់ទង