គ្រូបង្វឹកក្រុមវិសាខា លោក ហុក សុជីវ័ន បានបង្ហើបថា លោកបានរៀបចំអ្វីដែលថ្មី រួចរាល់ហើយ ដើម្បីត្រៀមស្វាគមន៍ក្រុមកំពុងឈរនៅលើកំពូលតារាង គិរីវង់សុខសែនជ័យ សម្រាប់ការវិលមកជួបគ្នា ជាថ្មី នៅក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ បន្ទាប់ពីក្របខ័ណ្ឌកំពូលរបស់កម្ពុជា មួយនេះ បានសម្រាក កាលពីសប្តាហ៍មុន។

ក្រុមវិសាខា នឹងត្រូវបើកទ្វារកីឡដ្ឋានវិសាខា របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមភ្ញៀវ គិរីវង់សុខសែនជ័យ នៅល្ងាចម៉ោង៦ ថ្ងៃសៅរ៍នេះ ហើយវាក៏ជាពេលវេលាដ៏ល្អ ដែលក្រុមវិសាខា ត្រូវប្រឹងប្រែងស្វែងរកការឈ្នះ ដើម្បីលុបចោលការខកចិត្ត ចំពោះលទ្ធផលបានត្រឹមស្មើ (០-០) ជាមួយក្រុមសូល​ ទីឡូអង្គរ ០-០ សម្រាប់ការប្រកួតបើកឆាក នៅលើទឹកដីខ្លួនឯង កន្លងមក ផងដែរ។

លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បាននិយាយ នៅក្នុងអំឡុងពេលហ្វឹកហាត់ កាលពីម្សិលមិញថា៖ «សម្រាប់ការប្រកួតលើកទី២នេះ យើងត្រៀមបានច្រើន ហើយយើងបានរៀបចំអ្វីដែលថ្មី សម្រាប់ជួបក្រុមគិរីវង់ ដើម្បីបង្កើននូវចង្វាក់លេងរបស់យើងឲ្យបានល្អ ជាងការប្រកួតលើកទី១»។

គេនៅមិនទាន់ដឹងថា ក្បាច់ថ្មី ដែលលោក ហុក សុជីវ័ន ត្រៀមស្វាគមន៍ក្រុមគិរីវង់ នៅថ្ងៃសោរ៍នេះ នឹងមានប្រសិទ្ធភាពយ៉ាងណានោះទេ ព្រោះនៅពេលនេះ គិរីវង់ កំពុងមានតែមោទនភាពជាមួយការឈរនៅលើកំពូលតារាង បន្ទាប់ពីពួកគេបានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៤-១ កាលប្រកួតបើកឆាក។

យ៉ាងណាក៏ដោយ លោក ហុក សុជីវ័ន បានបញ្ជាក់ថា៖«​ វាមិនមានបញ្ហាអ្វីនោះទេ ចំពោះអ្នកនៅកំពូលតារាង និងអ្នកឈរនៅបាតតារាង ព្រោះយើងទើបតែប្រកួតបាន១លើកទេ អ៊ីចឹងយើងនៅមិនទាន់ដឹងថា អ្នកណាខ្លាំង និងអ្នកណាដាច់ជាងអ្នកណានោះទេ»។ លោកបានបញ្ជាក់បន្ថែមថា: ប៉ុន្តែអ្វីដែលសំខាន់ គឺខ្លួនយើង ត្រូវរៀបចំក្រុមឲ្យបានល្អ ដើម្បីលេងជាមួយគេ ព្រោះនៅរដូវកាលនេះ ខ្ញុំជឿជាក់ថា គ្មានក្រុមមួយណាប្រាកដថា ខ្លួនឯង នឹងឈ្នះរាល់ការប្រកួតនោះទេ ព្រោះគ្រប់ក្រុម សុទ្ធតែរៀបចំខ្លួនបានល្អ សឹងតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា»។

ចំណែកគ្រូបង្វឹកលោក ផាន់ ចាន់ផាត ដែលបានដឹកនាំក្រុមគិរីវង់សុខសែនជ័យ ឲ្យឡើងទៅឈរនៅកំពូលតារាងនៃលីកកំពូលកម្ពុជា ត្រឹមសប្តាហ៍ទី១ ក្រោយពីក្រុមមួយនេះបានខកខានឈរនៅទីតាំងនេះអស់រយៈពេល៩ឆ្នាំនោះ ក៏បានបង្ហាញការបារម្ភទៅលើចំណុចខ្លាំងរបស់ក្រុមវិសាខា ផងដែរ។

លោក ចាន់ផាត បាននិយាយថា៖ «​ បើទោះបីជា ពេលនេះយើងកំពុងឈរនៅកំពូលតារាង ប៉ុន្តែយើង មិនប្រាកដថា អាចការការពារទីតាំងមួយនេះ បានឬក៏យ៉ាងណានោះទេ? ព្រោះការប្រកួតលើកទី២ យើងត្រូវជួបវិសាខា ដែលជាក្រុមខ្លាំង សម្បូរទៅដោយធនធានកីឡា។ ទោះបីជាយ៉ាងណា បាល់ទាត់ លុះត្រាលេងចប់៩០នាទី ទើបដឹងថា អ្នកណាឈ្នះ អ្នកណាចាញ់ ហេតុនេះយើងនឹងព្យាយាមប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព»៕