កីឡាករជើងខ្លាំងវ័យក្មេង វ៉ាន់ វឿន ដែលជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០១៧ បានសម្រេចចិត្តមកហ្វឹកហាត់ នៅស្តាតចាស់ ដែលជាជំរុំហ្វឹកហាត់ប្រដាល់ធំជាងគេ នៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពឲ្យបានខ្លាំង ត្រៀមឡើងប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៦០គីឡូក្រាម វគ្គផ្តាច់ព្រ័ត្រ នៅលើសង្វៀន SEATV នាថ្ងៃសៅរ៍នេះ។

ការខិតខំហ្វឹកហាត់របស់ វ៉ាន់ វឿន បានធ្វើឲ្យលោក សុខ វិជ័យ ដែលជាប្រធានក្លិបឃ្លាំងមឿងកីឡា មានការជឿជាក់ខ្លាំងថា វ៉ាន់ វឿន នឹងឈ្នះខ្សែក្រវាត់មួយនេះ។ លោកបាននិយាយថា៖

«ខ្ញុំសង្ឃឹមថា វ៉ាន់ វឿន ឈ្នះ១០០ភាគរយ ព្រោះការហ្វឹកហាត់បានល្អ មានប្រៀបផ្នែកក្បាច់ជង្គង់ ហើយ វ៉ាន់ វឿន ប្រកួតឆ្លាតជាង»។ ចំណែកកីឡាករ លាភ រដ្ឋា ហាក់នៅមានភាពស្ទាក់ស្ទើរ ក្នុងការបង្ហាញពីក្តីសង្ឃឹមក្នុងការយកឈ្នះ វ៉ាន់ វឿន ដោយគេបាននិយាយថា៖ «ខ្ញុំមិនទាន់ដឹងថា លទ្ធផលការប្រកួតទៅជាយ៉ាងណានោះទេ ព្រោះគេក៏ខំប្រឹង ហើយខ្ញុំក៏ខំប្រឹង ដើម្បីស្វែងរកការឈ្នះដូចគ្នា ប៉ុន្តែការប្រកួតយើងត្រូវតែមានសង្ឃឹម ព្រោះបើគ្មានសង្ឃឹម យើងឡើងប្រកួតជាមួយគេយ៉ាងម៉េចទៅកើត»។

តាមពិតទៅសិស្សគណក្លិបឃ្លាំងមឿងកីឡា វ៉ាន់ វឿន មិនត្រូវបានឡើងមកប្រកួត នៅវគ្គផ្តាច់ព្រ័ត្រនេះទេ ខណៈរូបគេបានត្រឹមលេខ២ ប្រចាំនៅពូលកម្ពុជា បន្ទាប់ពី លាភ រដ្ឋា នោះ ព្រោះរូបមន្តនៃការប្រកួតនេះ គេកំណត់យកកីឡាករលេខ១ពូលកម្ពុជា និងលេខ១ពូលថៃ ឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ។

ប៉ុន្តែភាពកម្សោយរបស់កីឡាករថៃទាំង៤នាក់ ដែលបានចាញ់គ្រប់ការប្រកួតដូចគ្នា តែបែរជាបានទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះ លាភ រដ្ឋា នោះ បានធ្វើឲ្យអ្នកនិយមទស្សនាការប្រដាល់ មានការរិះគន់យ៉ាងខ្លាំង និងបានសុំឲ្យដាក់ វ៉ាន់ វឿន ឡើងទៅជួប លាភ រដ្ឋា ជំនួសវិញ ព្រោះ វ៉ាន់ វឿន និង លាភ រដ្ឋា បានផ្តួលថៃឲ្យសន្លប់ទាំង៤លើកដូចគ្នា។

ការរិះគន់នេះ បានធ្វើឲ្យគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងម្ចាស់ឧបត្ថម្ភធំ និងម្ចាស់សង្វៀន SEATV បានធ្វើការប្រជុំគ្នាចំនួន២លើក និងបានសម្រេចលុបចោលកិច្ចសន្យាចាស់ ហើយផ្លាស់ប្តូររូបមន្តថ្មី ដើម្បីបើកផ្លូវឲ្យ វ៉ាន់ វឿន ឡើងទៅជួប លាភ រដ្ឋា នៅវគ្គផ្តាច់ព្រ័ត្រនេះតែម្តង។

ជំវិញបញ្ហានេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ បាននិយាយថា៖«អ្វីដែលយើងបានសម្រេចនេះ គឺដើម្បីធ្វើឲ្យការប្រកួតនេះ មានប្រយោជន៍ យុត្តិធម៌ តម្លាភាព និងអាចទទួលយកបានគ្រប់ភាគី ព្រោះបើទោះបីជាច្បាប់ក្នុងរដ្ឋាភិបាល ក្រោយអនុវត្តទៅមានបញ្ហា ក៏នៅមានធ្វើពិសោធនកម្មឡើងវិញដែរ អ៊ីចឹងគឺការណ៍សម្រេចឡើងវិញ ឬផ្លាស់ប្តូរ គឺមិនខុសទេ»៕