កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ដែលចាប់ផ្ដើមហ្វឹកហាត់គុនខ្មែរនៅក្លិបប្រដាល់តាឡីដំរីមានរិទ្ធតាំងពីឆ្នាំ ២០១៤ បានថ្លែងប្រាប់ថា៖ «ខ្ញុំមិនខ្លាចគូប្រកួតណាទាំងអស់នៅសង្វៀន One Championship ឲ្យតែត្រូវគីឡូ ហើយខ្ញុំបន់ឲ្យតែគេចាប់គូឲ្យវ៉ៃ។ ព្រោះអី នៅកម្ពុជា ឥឡូវនេះ ពិបាករកកីឡាការិនីវ៉ៃជាមួយខ្ញុំ។ ដូច្នេះបើសួរខ្ញុំ ចង់ប្រកួតទៀតអត់ …ខ្ញុំត្រូវតែឆ្លើយថា ចង់ប្រកួត ហើយជាមួយអ្នកណាក៏បាន»។

ការថ្លែងអំពីការតាំងចិត្តបែបនេះ បន្ទាប់ពី ស្រីពៅ មិនទាន់ចាញ់នៅឡើយក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសចំនួន ៣ លើក ជាពិសេសជ័យជម្នះលើកីឡាការិនីមានបទពិសោធន៍ច្រើនម្ចាស់ផ្ទះថៃ Rika Ishige ដោយពិន្ទុកាលពាក់កណ្ដាលខែ កុម្ភៈកន្លងទៅក្នុងកម្មវិធី One Championship: Clash of Legends នាទីក្រុងបាងកក។ ទោះជាអន្ទះសាចង់ប្រកួតប្រកួតយ៉ាងណាក្ដី ប៉ុន្តែ កីឡាការិនីដែលមានវ័យ ២៤ ឆ្នាំរូបនេះរៀបថា គេត្រូវប្រឹងប្រែងហ្វឹកហាត់ប្រដាល់សាកលជាមួយលោកគ្រូ វ៉ែន សុផល នៅពហុកីឡដ្ឋានជាតិ ទាំងព្រឹក និង ល្ងាច ក្រោយពីការកោះហៅរបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីត្រៀមចេញទៅប្រកួតនៅស៊ីហ្គេម ចុងឆ្នាំនេះ ដែលរៀបចំនៅប្រទេសហ្វីលីពីន។ ប្អូនស្រីបង្កើតរបស់អតីតកីឡាករប្រដាល់ នៅ ស៊ីថា បញ្ជាក់ថា ៖

«ខ្ញុំរវល់ហ្វឹកហាត់ប្រដាល់សកលជាងមួយខែហើយតាំងពីឈ្នះកីឡាការិនីថៃ។ ខ្ញុំផ្ដោតលើការហាត់ប្រដាល់សកលដើម្បីចេញវ៉ៃតំណាងឲ្យកម្ពុជា។ ខ្ញុំផ្អាក ហាត់ប្រដាល់សេរី សិន។»

កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship របស់ប្រទេសមីយ៉ាន់ម៉ាក្រោយឈ្នះ Shwe Sin Min កាលខែកុម្ភៈ រូបនេះបានយកចិត្តទុកដាក់ហ្វឹកហាត់ខ្លាំងក្លាដើម្បីដាក់គោលដៅយកមេដាយជូនកម្ពុជាក្នុងការបង្ហាញខ្លួនស៊ីហ្គេម ចុងឆ្នាំ ២០១៩ នេះ។

ម្ចាស់ខ្សែក្រវាត់គុនខ្មែរអន្តរជាតិទម្ងន់ ៦៣,៥ គីឡូក្រាមរូបនេះសង្កត់ធ្ងន់ថា៖«ឥឡូវជាប់ហាត់ប្រដាល់នៅជម្រើសជាតិអីចឹងប្រហែលមិនទាន់អាចចេញទៅប្រកួតខាងក្រៅទេ ព្រោះក្រសួងប្រមូលផ្ដុំជម្រើសជាតិ។ តែពេលចប់ភារកិច្ចស៊ីហ្គេម ខ្ញុំស្វាគមន៍ប៉ះអ្នកណាក៏បាន។បើយើងចាញ់ យើងត្រូវប្រឹងបន្តទៀត។ ប៉ុន្តែ ចាញ់ ឬ ឈ្នះ ខ្ញុំវ៉ៃច្បាស់ជាល្អមើល។»

គួរដឹងដែរថា នៅ ស្រីពៅ ដែលមានដើមកំណើតនៅចំការដូងរាជធានីភ្នំពេញ បានចូលហ្វឹកហាត់ប្រដាល់ តាំងពីឆ្នាំ ២០១៤ ជាមួយបងប្រុសបង្កើត ឈ្មោះ នៅ ស៊ីថា។ ប៉ុន្តែ ឥឡូវបងប្រុសបង្កើតបានបញ្ចប់អាជីពហើយដោយទៅប្រកបរបររកស៊ីវិញ។ គ្រូបង្វឹករបស់ ស្រីពៅ ដំបូងគឺ ញ៉ូវ ម៉ាក និង លោកគ្រូ ម៉ាក សាខន នៃក្លិបតាឡីដំរីមានរិទ្ធិ។ ប៉ុន្តែ មុនពេលទៅប្រកួតក្នុងកម្មវិធី MMA ឬ One Championship កីឡាការិនីរូបនេះទៅហ្វឹកហាត់ក្បាច់ក្លេរ ឬ គុនចម្រុះជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លិប Cambodian Top Team៕