អ្នកលេងក្បាច់គុនចម្រុះ ចាន់ រតនា ដែលមានវ័យ ៣៣ឆ្នាំ បានថ្លែងប្រាប់អំពីរឿងមិនអាចបំភ្លេចបានក្នុងអាជីពប្រកួតគុនចម្រុះ ឬ MMA នៅសង្វៀន One Championship ដូច្នេះ៖ «រឿងខ្ញុំមិនអាចបំភ្លេចបានគឺ ពេលអាជ្ញាកណ្ដាលឲ្យខ្ញុំចាញ់ ឌុន សំអាង ដោយគិតថាខ្ញុំវ៉ៃខុសបច្ចេកទេសឃាត់មិនទាន់។ ខ្ញុំយំ ខ្ញុំតូចចិត្តយូរដែរចំពោះលទ្ធផល ដែលខ្ញុំត្រូវឈ្នះខ្សែក្រវាត់មានតម្លៃជិត ៥ពាន់ដុល្លារកាលឆ្នាំ២០១៤»។

គ្រូបង្វឹកក្លិបប្រដាល់ បានរំលឹកទៀតថា កាលនោះស្ថាប័នកម្រិតពិភពលោក One Championship មករៀបចំប្រកួតលើកដំបូងនៅកម្ពុជានៅឆ្នាំ ២០១៤ ដោយតម្រូវឲ្យមាន ២ គូវ៉ៃ ហើយ អ្នកឈ្នះឡើងទៅជួបអ្នកឈ្នះដើម្បីដណ្ដើមខ្សែក្រវាត់។ ពេលនោះ រតនា បានវ៉ៃឲ្យ ប្រាក់ ចាន់ស៊ីន លើកទង់ជ័យសនាទឹកទី១ នៅប្រកួតដំបូង ខណៈដែល ឌុន សំអាង វាយឲ្យ ជិន ហេង ចុះចាញ់ត្រឹមទឹកទី១ ដូចគ្នា។ ដូច្នេះ ចាន់ រតនា ត្រូវប៉ះ ឌុន សំអាង នៅវគ្គដណ្ដើមខ្សែក្រវាត់។ ដោយសារ រតនា វ៉ៃខុសបច្ចេកទេសនៅទឹកទី១ ទើបធ្វើឲ្យខ្សែក្រវាត់លើកដំបូងនៅសង្វៀន One Championship ធ្លាក់ទៅលើ ឌុន សំអាង នៅឆ្នាំ ២០១៤។

អ្នកប្រយុទ្ធក្បាច់គុនយុទ្ធក្រមខម បានបញ្ជាក់ទៀតថា៖«កាលហ្នឹង ខ្ញុំគ្មានចេតនា ខ្ញុំដួលអស់ជំហរក៏ត្រូវ ឌុន សំអាង ហើយបន្ទាប់មកទៀត សំអាង គេលែងវ៉ៃ ហើយ អាជ្ញាកណ្ដាលកាត់ក្ដីឲ្យ សំអាង ឈ្នះខ្ញុំតែម្ដង។ ខ្ញុំតូចចិត្តខ្លាំងណាស់ ខ្ញុំយំលំបាកចិត្តខ្លាំងក្រោយពេលប្រកួតចប់។» យ៉ាងណាក៏ដោយ អ្នកទាំងពីរត្រូវគណៈកម្មការផ្គូផ្គងឲ្យប្រកួតជាថ្មីក្នុងនាមជាគូសងសឹក នៅខែ ធ្នូ ឆ្នាំ ២០១៥។ ទីបំផុត ជើងខ្លាំង ចាន់ រតនា សងសឹកបានសម្រេចដោយប្រើពេលត្រឹមទឹកទី១ វ៉ៃឲ្យ ឌុន សំអាង ចុះចាញ់ដោយអស់ចិត្ត។

ចំណែករឿងបន្ទាប់បន្សំមួយទៀតដែលដក់ជាប់ក្នុងចិត្តរបស់ រតនា នៅសង្វៀនលំដាប់ពិភពលោកគឺ ពេលអាជ្ញាកណ្ដាលប្រកាសឲ្យចាញ់កីឡាករចិន Haobin Ma កាលឆ្នាំ ២០១៦ ដែលរៀបចំនៅម៉ាកាវ។ អ្នកលេងគុនខ្មែររូបនេះសង្កត់ធ្ងន់ថា ៖
«មិនគួរណា Haobin Ma ឈ្នះខ្ញុំទេ ព្រោះគេស៊ីខ្ញុំបានត្រឹម ទឹកទី១ តែទឹកទី២ មិនប៉ុន្មានដែរ ហើយទឹកទី៣ ខ្ញុំដេញវ៉ៃរហូត បែរជាចាញ់ទៅវិញ។ ខ្ញុំបានមើលវីដេអូឡើងវិញទៀតផង។ បើថ្ងៃក្រោយគេដាក់ឲ្យសងសឹក ខ្ញុំនឹងអាចឈ្នះ Haobin Ma ជាមិនខានទេ។»

គិតត្រឹមពេលនេះ ចាន់ រតនា ឡើងសង្វៀន ប្រកួតគុនចម្រុះ ឬ MMA បានចំនួន ៨ ដង ដោយឈ្នះចំនួន ៥ និង ចាញ់ចំនួន ៣ ដង។ រតនា ឡើងប្រកួតលើកដំបូងជាអន្តរជាតិ នៅសង្វៀន One Championship តែម្ដងពេលរៀបចំនៅព្រះរាជាណាចក្រកម្ពុជាកាលឆ្នាំ ២០១៤ ពេល អាជ្ញាកណ្ដាលផ្ដល់ ឲ្យ ឌុន សំអាង ឈ្នះដែលគេគិតថា រតនា ប្រកួតខុសបច្ចេកទេស។ ចំណែកប្រកួតចុងក្រោយនៅសង្វៀនដដែលនេះ ចាន់ រតនា ធ្វើឲ្យខ្ពស់មុខមាត់ និង ទទួលបានការចាប់អារម្មណ៍ជាសាកលដោយវ៉ៃកីឡាករគុនចម្រុះ ABRO Fernandez របស់ឥណ្ឌូណេស៊ី ឲ្យចុះចាញ់ត្រឹមទឹកទី២ កាល ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅនៅប្រទេសម៉ាឡេស៊ី៕