កីឡាករការិនី ជាច្រើនរបស់កម្ពុជាសុទ្ធតែមាន មនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលគេតែងហៅថា Idol ឬក៏ Crush ទៅលើមនុស្សដែលល្បីល្បាញ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ខណៈដែលអ្នកប្រដាល់ក្បាច់គុនចម្រុះ កីឡាការិនី វី ស្រីខួច ដែលខ្លាំងនៅក្នុងការប្រកួតវៃដាក់ទ្រុង ក្នុងព្រឹត្តិការណ៍ ONE Championship នោះក៍មាន Idol របស់ខ្លួនផងដែរ ដែលជាតារាចម្រៀងម្នាក់ដែលល្បីល្បាញខ្លាំងជាងគេនៅក្នុងប្រទេស។

ថ្វីបើ វី ស្រីខួច ចូលហាត់ប្រដាល់តាំងពីពីក្មេងរហូតដល់ធំ តែនាងក៍ពេញចិត្ត និងស្រលាញ់តន្ត្រីផងដែរ ជាពិសេសគឺ ចូលចិត្តបទចម្រៀងខ្មែរតែម្ដង ហើយ Crush ដែល កីឡាការិនិរូបនេះ បាក់ចិត្តលើនោះ គឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កញ្ញាមាស សុខសោភា។

ស្រីខួច បាននិយាយថា៖ «ខ្ញុំគិតថា ព្រាប សុវត្ថិ និងកូនៗរបស់គាត់ ពិសេសគឺបង សុវត្ថិ គឺគាត់សង្ហាខ្លាំងណាស់។ ទោះបីឥឡូវគាត់រាងចាស់បន្តិច តែគាត់នៅតែសង្ហា»។ ឯ idol របស់ខ្ញុំគឺតារាចម្រៀង មាស សុខសោភា។ ខ្ញុំស្រលាញ់គាត់ព្រោះគាត់រួសរាយផងនិងចូលចិត្តលេងសើចផង។ ខ្ញុំចូលចិត្តស្ដាប់បទថ្មីៗរបស់គាត់ តែខ្ញុំក៏ចូលចិត្តបទពីដើមៗច្រើនដែរ»។

គួ​បញ្ចាក់​ថា​ វី​ ស្រីខួច​ ជា​អតីត​កម្ម​ការិ​នី​រោង​ចក្រ​ មុន​ពេល​ប្ដូរ​មក​ហាត់​ប្រដាល់​​ និង​បច្ចុ​ប្បន្ន​កំពុងមាន​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​ប្រដាល់​ស្ត្រី​ ជាមួយនឹង នៅ ស្រីពៅ៕