ក្រុមម្ចាស់ជើងឯកណាហ្គាវើល និងក្រសួងការពារជាតិ (ទ័ព) ដែលជាគូប្រកួតដ៏តានតឹង សម្រាប់ការប្រកួត កាលពីរដូវ ឆ្នាំ២០១៨នោះ សុទ្ធតែបានបង្ហាញនូវភាពខ្លាចរអាគ្នាទៅវិញទៅមក សម្រាប់ការវិលមកជួបគ្នា នៅរដូវកាលថ្មី ឆ្នាំ២០១៩ នាថ្ងៃសៅរ៍នេះ ប៉ុន្តែភ្នំពេញក្រោន នឹងបឹងកេត ត្រូវបានគេមើលឃើញថា អាចទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួតវិលជុំលើកទី២នេះ។

បើទោះបីជាក្រុមទ័ព រកបានត្រឹម១ពិន្ទុ ព្រោះបានត្រឹមស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃទី១៧ ខែមីនា ប៉ុន្តែលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល នៅតែបានមើលឃើញថា ក្រុមទ័ព មានទម្រង់លេងកាន់តែល្អ នៅរដូវកាលថ្មីនេះ។
លោក មាស ចាន់ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា៖ «នៅឆ្នាំរដូវកាលនេះ ក្រុមទ័ព ខ្លាំង ហេតុនេះ ការវិលមកជួបគ្នាលើកនេះ វានឹងមានភាពតានតឹងខ្លាំង ហើយការទាមទាររក៣ពិន្ទុបន្ថែម ក៏មិនមានងាយស្រួលនោះដែរ គឺមានការលំបាក ប៉ុន្តែយើងនឹងប្រឹងប្រែងធ្វើឲ្យបានល្អបំផុត»។

ចំណែកលោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមទ័ព បានចាត់ទុកក្រុមណាហ្គាវើល មានទម្រង់លេងល្អទាំងការពារ និងប្រយុទ្ធ។ លោកបាននិយាយថា៖ «នៅសប្តាហ៍នេះ គឺជាការប្រកួតកាន់តែតានតឹងបំផុត ដោយសារយើងត្រូវប៉ះក្រុមខ្លាំង ដែលមានតុល្យភាពទាំងការពារ និងប្រយុទ្ឋ ហើយណាហ្គាវើល មានចំណុចខ្លាំងនៅលើបាល់រៀបចំ ទាំងហ្វ្រីឃីក និងបាល់ជ្រុង»។

លោកបានបន្ថែមថា៖ «ចំណុចល្អៗទាំងនេះរបស់ណាហ្គាវើល វាជាហេតុផល ដែលទ័ព ត្រូវត្រៀមខ្លួនឲ្យបានខ្លាំងបំផុត ក្នុងការសម្រួចសមត្ថភាព ជាងគិតទៅលើតាក់ទិច ព្រោះអ្វីដែលយើងមាន និងអនុវត្តជាមួយក្រុមអង្គថៃហ្គឺរ គឺយើងបានទៅតាមផែនការរួចហើយ នៅឡើយតែប្រសិទ្ឋភាព»។ ផ្ទុយពីនេះក្រុមបឹងកេត ដែលបានយកឈ្នះក្រុមភ្នំពេញក្រោន ៣-២ កាលប្រកួតបើកឆាកនោះ ត្រូវបានគេមើលឃើញថា អាចនឹងទទួលបាន៣ពិន្ទុបន្ថែមទៀត ព្រោះលើកនេះ ពួកគេ ត្រូវវិលទៅជួបក្រុមប្រើកីឡាករក្នុងស្រុកសុទ្ធ អគ្គិសនីកម្ពុជា ដែលបានចាញ់ក្រុមខេត្តកំពង់ចាម ១-០ កាលសប្តាហ៍ទី១។

ចំណែកក្រុមភ្នំពេញក្រោន ក៏អាចនឹងបង្ហាញភាពខ្លាំង ដើម្បីលុបលាងការខកចិត្តចំពោះការចាញ់ក្រុមបឹងកេត ទាំងមិនអស់ចិត្ត កន្លងមកដែរ ដោយសារលើកនេះ ភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅជួបក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ដែលទើបបានចាញ់ក្រុមគិរីវង់សុខសែនជ័យ រហូតដល់ ៤-១ កាលប្រកួតបើកឆាក៕