ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមតែ១គត់ ដែលអាចរក្សាកំណត់ត្រាឈ្នះជាបន្តទៀត នៅក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ខណៈក្រុមធ្លាប់ឈ្នះថ្ងៃបើកឆាកជាមួយគ្នាមាន គិរីវង់សុខសែនជ័យ បឹងកេត ណាហ្គាវើល សុទ្ធតែបានជួបការបរាជ័យ ក្នុងសប្តាហ៍នេះ ស្របពេលក្រុមចំណូលថ្មី ខេត្តកំពង់ចាម ត្រូវបានក្រុមអង្គរថាយហ្គឺរ លត់រហូតដល់ ១១-០ ឯណោះ។

តាមរយៈការប្រកួតវិលជុំសប្តាហ៍ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមព្រខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ត្រឹម ១-០ ទាំងលំបាកបំផុត ហើយវីរបុរស ដែលរកបានជ័យជម្នះឲ្យក្រុមព្រះខ័នរាជាស្វាយរៀង លើកនេះ គឺខ្សែបម្រើជនជាតិអង់គ្លេស Charlie Machell នៅនាទីទី៨៦។

ផ្ទុយពីនេះ ក្រុមបឹងកេត បែរជាមុនអាចប្រើពេលចុងម៉ោង ក្នុងការយកឈ្នះលើក្រុមអគ្គិសនីកម្ពុជា ដែលនៅសល់សមាជិកត្រឹម១០នាក់ នៅលើទីលាន ខណៈខ្សែបម្រើ ប៊ិន ឧត្តម បានទទួលកាតលឿងជាលើកទី២ និងត្រូវបានបណ្តេញចេញពីទីលាន នៅនាទីទី២៥នោះ។

បឹងកេត បានព្យាយាមប្រើឱកាសនោះ ដើម្បីវាយលក់ទៅលើក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ណាស់ដែរ ប៉ុន្តែពួកគេ នៅតែមិនអាចរកបានគ្រាប់បាល់ ផ្ទុយទៅវិញ ក្រុមអគ្គិសនីកម្ពុជា ឯណោះទេ ដែលបានរកឃើញគ្រាប់បាល់ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈកីឡាករ សៀន សុភក្ត្រា បានស៊ុតបាល់បញ្ចូលទី នៅនាទីទី៨៩ នោះ។

ចំណែកក្រុមអង្គរថាយហ្គឺរ បានលត់ក្រុមចំណូលថ្មី ខេត្តកំពង់ចាម រហូតដល់ ១១-០ ហើយវាក៏ជាពេលដែលខ្សែប្រយុទ្ធជនជាតិជប៉ុន Yudai Ogawa បានសម្រេចក្នុងរកបាន៣គ្រាប់ ជាលើកដំបូង ក្នុងការមកប្រកបអាជីព នៅលីកកំពូលកម្ពុជា នេះផងដែរ។ ចំណែកក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទី ២-០ ហើយគ្រាប់បាល់នេះរកបានដោយ ម៉ៅ ពិសិដ្ឋ នៅនាទីទី៨១ និង ពៅ ប៉ុនវុទ្ធី នៅនាទីទី៨៣។

ដោយឡែក សម្រាប់ការប្រកួត៣គូ ដែលបានធ្វើ កាលពីថ្ងៃសៅរ៍ ក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមណាហ្គាវើល ៤-២ ខណៈក្រុមវិសាខា បានទម្លាក់ក្រុមគិរីវង់សុខសែនជ័យ ពីកំពូលតារាង តាមរយៈការយកឈ្នះ ២-០ ហើយក្រុមប៉ូលិស បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-២ ដើម្បីរកបាន៣ពិន្ទុ ជាលើកដំបូង ផងដែរ។

យោងតាមលទ្ធផល ការប្រកួត ប្រចាំសប្តាហ៍ទី២នេះ គឺក្រុមព្រះខ័នរាជស្វាយរៀង ឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្ន ដោយមាន៦ពិន្ទុពេញ និងតាមពីក្រោមដោយក្រុមអង្គរថាយហ្គឺរ ក្រុមទ័ព និងវិសាខា មាន៤ពិន្ទុដូចគ្នា។ ចំណែកក្រុមភ្នំពេញក្រោន ក្រុមបឹងកេត ណាហ្គាវើល អគ្គិសនីកម្ពុជា ប៉ូលិស គិរីវង់សុខសែនជ័យ និងក្រុមខេត្តកំពង់ចាម មាន៣ពិន្ទុជាមួយការឈ្នះ១ និងចាញ់១ប្រកួតដូចគ្នា ប៉ុន្តែក្រុមអាស៊ីអឺរ៉ុប និងក្រុមសាលាបាល់ទាត់ជាតិបាទី ចាញ់ទាំង២ប្រកួតដូចគ្នា៕