កីឡាករកម្ពុជា៣រូបមាន ឡុង សំណាង, លន បញ្ញា និង វ៉ាន់ វឿន សុទ្ធតែបានរកឃើញនូវជ័យជម្នះយ៉ាងធំរបស់ខ្លួន តាមរយៈការយកឈ្នះលើគូប្រកួតដោយពិន្ទុដូចគ្នា នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ដើម្បីទទួលបានខ្សែក្រវាត់ ម្នាក់១ យកមកគ្រប់គ្រងដូចគ្នា។

សម្រាប់ការប្រកួត ផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើនៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ឡុង សំណាង បានយកឈ្នះអ្នកប្រដាល់របស់ថៃ Phitsayfa ដោយពិន្ទុជាឯកច្ឆន្ទ ខណៈ ផាន់ គ្រាន់ បានយកឈ្នះមិត្តរួមជាតិ ឌុម កែវដា ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣។

ជាមួយជ័យជម្នះ ដែលទទួលបានទាំងលំបាក នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ បានធ្វើឲ្យ ឡុង សំណាង អាចទទួលបានខ្សែក្រវាត់១ទៀត បន្ថែមទៅលើការឈ្នះបានខ្សែក្រវាត់ Wurkz ដែលគេដណ្តើមបាន នៅលើសង្វៀន SEATV កន្លងមក ពិសេសការឈ្នះបានខ្សែក្រវាត់ Zorus ទម្ងន់៦៣,៥គីឡួក្រាមលើកនេះ បានជួយឲ្យ ឡុង សំណាង ទទួលបានប្រាក់រង្វាន់ចំនួន២៤លានរៀល យកទៅជួយសងបំណុលអ្នកម្តាយ ដែលបានខ្ចីលុយធនាគារទិញដី ដូចការរំពឹងទុក។

ចំណែក វ៉ាន់ វឿន របស់ក្លិបឃ្លាំងមឿងកីឡា បានយកឈ្នះកីឡាករ លាភ រដ្ឋា ដោយពិន្ទុជាឯកច្ឆន្ទ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន SEATV កាលពីថ្ងៃអាទិត្យ ហើយជ័យជម្នះនេះ បានជួយឲ្យ វ៉ាន់ វឿន ឈ្នះបានខ្សែក្រវាត់ ជាលើកដំបូង ក្នុងអាជីព រួមជាមួយប្រាក់រង្វាន់ចំនួន៥០០០ដុល្លារ ចំណែក លាភ រដ្ខា បានប្រាក់រង្វាន់ចំនួន៣០០០ដុល្លារ។

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ Wurkz ទម្ងន់៦០គីឡូក្រាម នៅលើសង្វៀន SEATV កាលពីថ្ងៃអាទិត្យ កីឡាករវ័យក្មេង លន បញ្ញា បានយកឈ្នះជើងខ្លាំងថៃ Supper Man ដោយពិន្ទុ ដើម្បីទទួលបានខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់៥០០០ដុល្លារ ប៉ុន្តែជ័យជម្នះរបស់ លន បញ្ញា បានធ្វើឲ្យភាគីថៃ មិនសប្បាយចិត្ត ហើយអ្នកគាំទ្រមួយចំនួន ក៏មើលឃើញពីភាពមិនប្រក្រតីមួយចំនួនផងដែរ ជុំវិញការជួយជ្រោមជ្រែងឲ្យ លន បញ្ញា ទទួលបានខ្សែក្រវាត់ លើកនេះ៕