ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ណាហ្គាវើល ត្រៀមនឹងប្រើកីឡាករសំខាន់ៗមួយចំនួន ដើម្បីកាត់ផ្តាច់ចង្វាក់លេងក្រុម Tampines Rovers របស់សិង្ហបុរី ដើម្បីបង្កើតឱកាសសម្រាប់ខ្លួនឯងវិញ នៅពេលក្រុមទាំង២ ត្រូវជួបគ្នា ក្នុងការប្រកួតពានរង្វាន់ AFC Cup 2019 នាល្ងាចម៉ោង ៥:០០ ថ្ងៃអង្គារនេះ ចំណែកក្រុមខ្លាំង Hanoi FC របស់វៀតណាម ក៏ត្រូវស្វាគមន៍ក្រុមភ្ញៀវ Yangon United របស់មីយ៉ាន់ម៉ា នៅយប់ថ្ងៃនេះ នៅលើទឹកដីរបស់ខ្លួនផងដែរ។

ការឈ្នះក្រុម Yangon United ៣-១ រួចបន្តស្មើ ១-១ ជាមួយក្រុមខ្លាំង Hanoi សម្រាប់ការប្រកួត២លើករបស់ក្រុម Tampines Rovers បានធ្វើឲ្យ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល មើលឃើញថា Tampines Rovers ជាក្រុមខ្លាំង និងមានល្បឿនលេងលឿន ខណៈណាហ្គាវើល បានចាញ់ក្រុម Hanoi រហូតដល់ ១០-០ និងបានឈ្នះ ក្រុម Yangon United ២-១ នៅលើទឹកដីខ្លួនឯងទាំងលំបាកនោះ។

លោក មាស ចាន់ណា បានប្រាប់ថា៖«Tampines Rovers គឺជាក្រុមល្អ ដែលមានភាពជោគជាំជាងយើង នៅក្នុងការប្រកួតពាន AFC Cup នេះ ហើយអ្វីដែលសំខាន់ យើងត្រូវកាត់ផ្តាច់ចង្វាក់លេងកីឡាករសំខាន់ៗរបស់ក្រុមនេះ នៅតំបន់បម្រើប្រយុទ្ធ និងតំបន់ប្រយុទ្ធ ព្រោះអ្នកទាំង៣នេះមានភាពរហ័ស និងមានភាពវៃឆ្លាតក្នុងការលេង»។

កីឡាករឆ្នើមៗទាំង៣របស់ក្រុម Tampines Rovers ដែលលោក មាន ចាន់ណា គ្រោងនឹងរៀបចំបិទ ដើម្បីកាត់ផ្តាច់ចង្វាក់លេងរបស់ពួកគេនោះ រួមមានខ្សែបម្រើជាប្រធានក្រុមពាក់លេខ៨ Shahdan Sulaiman ខ្សែប្រយុទ្ធជនជាតិជប៉ុនពាក់លេខ៩ Ryutaro Megumi និងខ្សែប្រយុទ្ធជនជាតិកាណាដាពាក់លេខ១០ Jordan Webb ដែលអ្នកទាំង៣នេះ ជាកីឡាករនាំលេងយ៉ាងល្អរបស់ក្រុមសិង្ហបុរី។

លោក មាស ចាន់ណា បានបន្ថែមថា៖«ខ្ញុំជឿថា បើសិនជាកីឡាកររបស់យើង ប្រមូលអារម្មណ៍បានល្អ និងផ្តោតយកចិត្តទុកដាក់ខ្លាំង ពួកគាត់ អាចនឹងកាត់ផ្តាច់ចង្វាក់លេងរបស់ក្រុម Tampines Rovers បាន ហើយការប្រកួតនេះ យើងនៅតែមានលទ្ធភាពប្រជែងស្វែងរក៣ពិន្ទុ ព្រោះការប្រកួតនេះ ធ្វើនៅលើទឹកដីរបស់យើង ដែលមានភាពងាយស្រួលដល់យើង ហើយយើងក៏អាចនឹងទទួលបានសំណាង ក្នុងនាមជាម្ចាស់ផ្ទះផងដែរ។

ចំណែកលោក Gavin Lee អ្នកចាត់ការក្រុម Tampines Rovers មិនគិតថា ការប្រកួតនេះ នឹងមានភាពងាយស្រួលសម្រាប់ក្រុមរបស់លោក ស្វែងរកពិន្ទុនោះទេ បើទោះបីជា Tampines Rovers បានស្មើជាមួយក្រុម Hanoi របស់វៀតណាម ដែលបានលត់ក្រុមណាហ្គាវើល រហូតដល់ ១០-០ ក៏ដោយ។

លោក Gavin Lee បាននិយាយ នៅក្នុងសន្និសីទកាសែត កាលពីម្សិលមិញថា៖ «បើទោះបីជា ក្រុមណាហ្គាវើល បានចាញ់ក្រុម Hanoi ដល់ ១០-០ ហើយយើងបានស្មើ Hanoi ប៉ុន្តែនេះជាការប្រកួត២ផ្សេងគ្នា ដែលយើងមិនអាចយកមកធ្វើការប្រៀបធៀបគ្នាបានទេ ហើយម្យ៉ាងទៀត ការលេងមួយប្រកួតទៅមួយប្រកួត វាអាស្រ័យទៅលើតាក់ទិច និងការរៀបចំរបស់គ្រូបង្វឹក អ៊ីចឹង ណាហ្គាវើល នៅពេលនេះ អាចនឹងមានការអភិវឌ្ឍអ្វីដែលថ្មី ហេតុនេះយើងត្រូវតែត្រៀមលេងឲ្យបាន១០០ភាគរយ សម្រាប់ការប្រកួតនេះ»៕